(ឡុងដ៏)៖ ចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះ បានបង្កើតអង្គភាពថ្មីមួយ ដើម្បីទទួលបន្ទុកការងារដាក់ទណ្ឌកម្មពាណិជ្ជកម្ម ហើយមានអំណាចដាក់ពិន័យលើក្រុមហ៊ុន ដែលមិនគោរពតាមការរឹតបន្តឹងលើការនាំចេញ ទៅកាន់ប្រទេសរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ ២០២៤។
អង្គភាពថ្មីនេះ ក៏នឹងមានអំណាចស៉ើបអង្កេតផងដែរ ទៅលើជនជាតិអង់គ្លេសរូបណាដែលបំពានច្បាប់ទណ្ឌកម្ម ខណៈកំពុងប្រតិបត្តិការនៅប្រទេសទីបី។ តាមរដ្ឋាភិបាលអង់គ្លេស អង្គភាពនឹងផាកពិន័យចំពោះក្រុមហ៊ុនដែលបំពានទណ្ឌកម្ម ហើយក៏ត្រូវបានផ្តល់សិទ្ធិអំណាច ឱ្យធ្វើការផ្សព្វផ្សាយជាសាធារណៈ ដោយដាក់ទាំងឈ្មោះ និងក្រុមហ៊ុនពាក់ព័ន្ធថែមទៀត។
រដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស លោក Jonathan Reynolds គូសបញ្ជាក់ថា «អង្គភាពនេះ នឹងជួយធានាថាក្រុមហ៊ុនទាំងអស់ អនុលោមតាមទណ្ឌកម្មពាណិជ្ជកម្ម ក៏ដូចជាចាត់វិធានការម៉ឺងម៉ាត់បើចាំបាច់ ដូច្នេះតាមរយៈវិស័យអាជីវកម្ម យើងអាចបន្តដាក់សម្ពាធជាអតិបរមា លើរបបរបស់លោក ពូទីន»។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង កាលពីឆ្នាំ ២០២២ អង់គ្លេសបានដាក់ទណ្ឌកម្មពាណិជ្ជកម្ម លើរុស្ស៉ី គិតជាទឹកប្រាក់សរុប ២៦ពាន់លានដុល្លារ៕