(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចោទប្រកាន់ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ថាព្យាយាមផ្សព្វផ្សាយពាក្យកុហក ជុំវិញចំណាត់ការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះព្យុះហឺរីខេន Helene និងព្យុះហឺរីខេន Milton ដែលកំពុងបោកបក់នៅក្នុងរដ្ឋ Florida។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ ២០២៤។
លោក បៃដិន បានប្រាប់សន្និសីទសារព័ត៌មាននៅឯសេវិមាន ដូច្នេះថា «មានការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយគ្មានទំនួលខុសត្រូវ និងឥតឈប់ឈរ។ វាជាការភូតកុហកទាំងស្រុង។ ព័ត៌មាននោះកំពុងធ្វើឱ្យខូចទំនុកចិត្ត និងប៉ះពាល់ដល់ការងារជួយសង្គ្រោះ ហើយវាអាចបំបាក់ទឹកចិត្តអ្នកដែលត្រូវការជំនួយបំផុត»។
លោក បៃដិន បាននិយាយទៀតថា «ការអះអាងដែលថា មានការរឹបអូសទ្រព្យសម្បត្តិ វាមិនមែនជាការពិតទេ។ គេនិយាយថា ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះ នឹងទទួលបានប្រាក់ចំនួន ៧៥០ដុល្លារ ឬច្រើនជាងនេះ។ គេនិយាយថា ថវិកាសម្រាប់ដោះស្រាយវិបត្តិ កំពុងត្រូវបានបង្វែរទៅជនចំណាកស្រុក។ ទាំងអស់នេះ ក៏មិនមែនជាការពិតនោះដែរ»។
គួរបញ្ជាក់ថា លោក ត្រាំ និងគណបក្សសាធារណរដ្ឋ បាននិងកំពុងជំរុញឱ្យមានការយល់ច្រលំ ជុំវិញបញ្ហាព្យុះនេះ ដោយផ្តោតជាពិសេស លើទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ (FEMA) ហើយចោទប្រកាន់រដ្ឋាភិបាលថា បានយកថវិកាសម្រាប់ដោះស្រាយ ទៅជួយជនចំណាកស្រុកវិញ៕