(វៀងចន្ទន៍)៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសរុស្ស៉ី លោក Sergey Lavrov បានធ្វើដំណើរមកដល់ ទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៉ីបូព៌ាលើកទី១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS នាថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤។
កិច្ចប្រជុំកំពូលអាស៉ីបូព៌ា ហៅកាត់ EAS នឹងបើកធ្វើនៅថ្ងៃសុក្រសប្តាហ៍នេះ ក្រោយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ដែលកំពុងប្រារព្ធឡើង នៅក្នុងប្រទេសឡាវ។ ក្រៅពីចូលរួមកិច្ចប្រជុំអាស៉ីបូព៌ា លោក Lavrov ក៏នឹងមានជំនួបទ្វេភាគីមួយចំនួនផងដែរ។ បញ្ហាស្តីពីសន្តិសុខនៅតំបន់អាស៉ីប៉ាស៉ីហ្វិក ចំពោះមុខការកើនឡើងបញ្ហាប្រឈម មកពីខាងក្រៅ ត្រូវបានរំពឹងថា នឹងស្ថិតក្នុងរបៀបវារៈចម្បង នៃកិច្ចប្រជុំ EAS។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៉ីបូព៌ា តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងស្របពេលគ្នា ជាមួយកិច្ចប្រជុំកំពូលអាស៊ាន។ ប្រទេសដែលចូលរួមកិច្ចប្រជុំកំពូល EAS រួមមានសមាជិកអាស៊ានទាំង១០ និងប្រទេស៨ទៀតដែលជាដៃគូ រួមមានអូស្រ្តាលី ចិន ជប៉ុន ឥណ្ឌា នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៉ី និងអាមេរិក។ នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ក៏បានមកដល់ទីក្រុងវៀងចន្ទន៍ផងដែរ។ រុស្ស៉ីនិងសហរដ្ឋអាមេរិក បានចូលរួមកិច្ចប្រជុំកំពូលអាស៉ីបូព៌ាជាប្រចាំ ចាប់តាំងតែពីឆ្នាំ២០១១មក៕