(វៀងចន្ទន៍)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្កោលទោសនូវអ្វីដែលលោកហៅថា «ការកើនឡើងសកម្មភាពគ្រោះថ្នាក់របស់ចិន» ក្នុងតំបន់សមុទ្រចិនខាងត្បូង និងបានបង្ហាញការគាំទ្រដល់សេរីភាពនៃការធ្វើនាវាចរណ៍ ខណៈរូបលោកជួបជាមួយមេដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន នៅថ្ងៃសុក្រ ទី១១ ខែតុលានេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងទៅកាន់មេដឹកនាំនៃបណ្ដាប្រទេសអាស៊ាន ដែលបានជួបជុំគ្នាក្នុងប្រទេសឡាវ លោក Blinken បានគូសបញ្ជាក់ដូច្នេះថា «យើងនៅតែមានការព្រួយបារម្ភអំពីការកើនឡើងសកម្មភាព គ្រោះថ្នាក់ និងខុសច្បាប់របស់ចិន នៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ដែលបានបង្កឱ្យមានមនុស្សរងរបួស បង្កការខូចខាតដល់នាវារបស់ប្រទេសជាសមាជិកអាស៊ានមួយចំនួន ដែលជាទង្វើផ្ទុយទៅនឹងការប្ដេជ្ញាចិត្តចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី»។ លោកប្រមុខការទូតអាមេរិកបន្ថែមថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់សេរីភាពនៃការធ្វើនាវាចរណ៍ និងសេរីភាពនៃការហោះហើរនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ព្រមទាំងធ្វើការជាមួយប្រទេសជាសមាជិកអាស៊ានផងដែរ ដើម្បីការពារស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
គួរបញ្ជាក់ថា លោក Antony Blinken បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ តំណាងឱ្យសហរដ្ឋអាមេរិកជំនួសមុខឱ្យលោកប្រធានាធិបតី ចូ បៃដិន ដែលសម្រេចចិត្តមិនមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន២ឆ្នាំជាប់ៗគ្នា។ បើតាមលោក Blinken លោកផ្ទាល់មានបំណងពិភាក្សាពីជម្លោះនៅមីយ៉ាន់ម៉ា ហើយជំរុញឱ្យប្រទេសទាំងអស់ ប្រកាន់ជំហរប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន នៅមុនរូបលោកត្រូវចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov នឹងត្រូវចូលរួមដែរ៕