(បេរូត)៖ អ្នកនាំពាក្យនៃកងកម្លាំងបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសលីបង់ (UNIFIL) បាននិយាយថា ក្រុមរបស់ខ្លួន នឹងបន្តស្ថិតនៅភាគខាងត្បូងនៃប្រទេសលីបង់ ទោះបីជាមានការវាយប្រហាររបស់អ៉ីស្រាអែល និងបណ្តាលឱ្យបុគ្គលិកខ្លះរងរបួសក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាកងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ ២០២៤។
លោក Andrea Tenenti និយាយថា អ៉ីស្រាអែល បានវាយប្រហារមកលើទីតាំងរបស់ UNIFIL ដោយបាញ់ផ្លោងចេញពីរថក្រោះ និងកាំភ្លើងធុនតូច ធ្វើឱ្យសមាជិកពីរនាក់រងរបួស និងខូចខាតដល់សមត្ថភាពត្រួតពិនិត្យមួយចំនួន កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ដោយសំដៅលើការបាញ់ផ្លោងរវាងកងទ័ពអ៉ីស្រាអែល និងក្រុមហេសបូឡា លោក Tenenti គូសបញ្ជាក់ថា «នេះប្រហែលជាឧប្បត្តិហេតុធ្ងន់ធ្ងរមួយ ដែលយើងបានឃើញក្នុងរយៈពេល ១២ខែចុងក្រោយ។ យើងមកទីនោះ ដោយសារតែក្រុមប្រឹក្សាសន្តិសុខ UN ស្នើឱ្យយើងមក ដូច្នេះយើងនឹងបន្តនៅទីនេះ រហូតដល់ស្ថានភាពជាក់ស្តែង មិនអាចឱ្យយើងធ្វើប្រតិបត្តិការបាន»។
គួរបញ្ជាក់ថា កម្លាំងចម្រុះនៃប្រទេសចំនួន ៥០ បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបន្តការដាក់ពង្រាយកងរក្សាសន្តិភាពរបស់ពួកគេ សរុបចំនួន ១០,៤០០នាក់ នៅចន្លោះទន្លេ Litani ភាគខាងជើង និងព្រំដែនទទួលស្គាល់ដោយ UN របស់លីបង់-អ៉ីស្រាអែល ជាទីដែលគេស្គាល់ថាជាខ្សែប្រយុទ្ធជួរមុខ នៅភាគខាងត្បូងលីបង់៕