(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី ដោយដកស្រង់សម្តីអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Ryabov បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលាថា ក្រុមប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែរទាំង៥ ឬហៅថា Nuclear Five នឹងបើកកិច្ចប្រជុំមួយ នៅទីក្រុង New York ក្នុងអំឡុងពេលប្រហែល ២សប្តាហ៍ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤។
ក្រុមប្រទេសខាងលើ រួមមានរុស្ស៉ី សហរដ្ឋអាមេរិក ចិន បារាំង និងចក្រភពអង់គ្លេស។ ប្រទេសទាំង៥ សុទ្ធតែមានអាវុធនុយក្លេអ៊ែរ និងជាសមាជិកអចិន្រ្តៃយ៍ នៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដែលទទួលបន្ទុករក្សាសន្តិភាពនៅលើពិភពលោក។ យ៉ាងណាមិញ លោក Ryabkov មិនបានប្រាប់ច្បាស់អំពី កាលបរិច្ឆេទនៃកិច្ចប្រជុំ ឬក៏បង្ហើបថាតើ ក្រុមមន្រ្តីកម្រិតណា នឹងចូលរួមឡើយ។
កិច្ចប្រជុំខាងលើ គឺចំពេលមួយ ដែលភាពតានតឹងនៃអាវុធនុយក្លេអ៊ែរ បានកើនឡើងខ្លាំង រវាងរុស្ស៉ីនិងលោកខាងលិច ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន បានផ្ទុះឡើងមក។ កាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសកែប្រែគោលការណ៍ ស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ប្រទេសរុស្ស៉ី។
គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២២ ពោលគឺត្រឹមប៉ុន្មានសប្តាហ៍ មុនពេលលោក ពូទីន បញ្ជូនកងទ័ពរុស្ស៉ីចូលទៅអ៊ុយក្រែន ក្រុមប្រទេស Nuclear Five បានចេញសេចក្តីថ្លែងការណ៍រួមមួយ និយាយថា ពួកគេចាត់ទុកការបញ្ចៀសសង្រ្គាម រវាងមហាអំណាចនុយក្លេអ៊ែរ និងការកាត់បន្ថយហានិភ័យផ្នែកយុទ្ធសាស្រ្ត ជាអាទិភាពចម្បងបំផុតរបស់ពួកគេ៕