(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៉ីនតោននៅតែជឿជាក់ថា អ៉ីរ៉ង់មិនទាន់សម្រេចចិត្តផលិតអាវុធនុយក្លេអ៊ែរ នៅឡើយទេ ទោះបីនាពេលថ្មីៗនេះ ទីក្រុងតេហេរ៉ង់បានជួបបញ្ហាប្រឈមផ្នែកយុទ្ធសាស្រ្តក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤។
សម្តីខាងលើធ្វើឡើងដោយមន្រ្តីជាន់ខ្ពស់ម្នាក់ នៅក្នុងរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយនិងអ្នកនាំពាក្យរបស់ ការិយាល័យនាយកស៉ើបការណ៍សម្ងាត់អាមេរិក ODNI។ មិនតែប៉ុណ្ណោះ ក្នុងសប្តាហ៍នេះ ប្រធានទីភ្នាក់ងារចារកម្មអាមេរិក CIA លោក William Burns ក៏បានអះអាងដែរថា សហរដ្ឋអាមេរិក ពុំទាន់ឃើញមានភស្តុតាងណាមួយនៅឡើយទេ ដែលឱ្យតំរុយថា មេដឹកនាំកំពូលអ៉ីរ៉ង់បានប្រែក្រឡាស់ ការសម្រេចចិត្តរបស់ខ្លួន កាលពីឆ្នាំ២០០៣ ក្នុងការផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ។
ការវាយតម្លៃនេះប្រហែលអាចជួយពន្យល់ អំពីគោលជំហរប្រឆាំងរបស់អាមេរិក ចំពោះការវាយប្រហារណាមួយរបស់អ៉ីស្រាអែល ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ដើម្បីសងសឹកចំពោះការវាយប្រហារដោយមីស៉ីលបាលិស្ទីគ ដែលទីក្រុងតេហេរ៉ង់ បានធ្វើឡើងដាក់អ៉ីស្រាអែល កាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យោធាអ៉ីស្រាអែល បានបង្កការខូចខាតយ៉ាងធ្ងន់ ចំពោះក្រុមហេសបូឡានៅលីបង់ ដែលជាសមាជិកខ្លាំងជាងគេបង្អស់ ក្នុងចំណោមបណ្តាញចលនាគាំទ្រដោយអ៉ីរ៉ង់ ហៅថា Axis of Resistance។ ហេសបូឡា បានបាត់បង់មេដឹកនាំកំពូលរបស់ខ្លួន គឺលោក Hassan Nasrallah ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល កាលពីខែកញ្ញា។ ការវាយបំបាក់សម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់អ៉ីរ៉ង់ បានជំរុញឱ្យអ្នកជំនាញមួយចំនួនសង្ស័យថា ទីក្រុងតេហេរ៉ង់ ប្រហែលអាចចាប់ផ្តើមកិច្ចប្រឹងប្រែង ផលិតអាវុធនុយក្លេអ៊ែរឡើងវិញ ដើម្បីការពារខ្លួន៕