(វៀងចន្ទន៍)៖ ប្រមុខសហភាពអឺរ៉ុប (EU) លោក Charles Michel នៅថ្ងៃសុក្រនេះ បាននិយាយមុខថ្កោលទោស ការវាយប្រហារលើ ប្រតិបត្តិការរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UN) បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាព UN បាននិយាយថា កងកម្លាំងយោធាអ៉ីស្រាអែល បានបាញ់ផ្លោងមកលើ កន្លែងទីស្នាក់ការកណ្តាលរបស់ខ្លួន នៅតំបន់ភាគខាងត្បូងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤។
ថ្លែងប្រាប់ AFP អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឡាវ លោក Michel ដែលតួនាទីជា ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានលើកឡើងយ៉ាងដូច្នេះថា «ការវាយប្រហារប្រឆាំងបេសកកម្មរក្សាសន្តិសុខរបស់ UN ជាទង្វើដែលមិនមានការទទួលខុសត្រូវ និងមិនអាចទទួលយកបាន ហើយហេតុដូច្នេះ យើងសូមអំពាវនាវឱ្យអ៉ីស្រាអែល ក៏ដូចជាភាគីទាំងអស់ គោរពឱ្យបានពេញលេញចំពោះច្បាប់មនុស្សធម៌អន្តរជាតិ»។
គួរបញ្ជាក់ថា បេសកកម្មរក្សាសន្តិភាពរបស់ UN នៅប្រទេសលីបង់ ហៅកាត់ UNIFIL ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៧៨។ បេសកកម្មនេះ មានកងកម្លាំងរក្សាសន្តិភាព ប្រហែល១០,៥០០នាក់ មកពីប្រទេសសរុបចំនួន៥០។ ឥណ្ឌូណេស៉ី នាថ្ងៃសុក្រនេះ បាននិយាយថា កងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន២នាក់ បានរងរបួសក្នុងការវាយប្រហាររបស់អ៉ីស្រាអែល និងបានថ្កោលទោស សកម្មភាពនោះថា ជាការរំលោភបំពានច្បាប់អន្តរជាតិ៕