(វ៉ាស៉ីនតោន)៖ មន្រ្តីការទូតជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយនៅថ្ងៃសុក្រនេះថា ការបោះឆ្នោតដោយសេរី នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតក្រោមការគ្រប់គ្រង របស់របបដឹកនាំយោធា នាពេលនេះ គឺជារឿងពិបាកនឹងស្រមៃណាស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤។
យោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១ ក្រោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានថា ការបោះឆ្នោតកាលពីឆ្នាំ២០២០ ដែលគណបក្សរបស់លោកស្រី អោងសាន ស៊ូជី បន្តទទួលជ័យជម្នះភ្លូកទឹកភ្លូកដី គឺមានការក្លែងបន្លំ ហើយចាប់តាំងពីពេលនោះមក របបសឹកនាំយោធា បានសម្លាប់និងចាប់ខ្លួនមនុស្សរាប់ពាន់នាក់ ព្រមទាំងហាមឃាត់ និងរំលាយគណបក្សនយោបាយ ក្នុងចំណាត់ការបង្រ្កាបយ៉ាងចាស់ដៃ លើអ្នកដែលប្រឆាំងរដ្ឋប្រហារ។
របបសឹកបានអះអាងថា ខ្លួននឹងរៀបចំការបោះឆ្នោតសកលថ្មី ដែលទំនងជានឹងកើតឡើងនៅឆ្នាំក្រោយ ទោះបីជាខ្លួនបាននិងកំពុងបាត់បង់ទឹកដីជាបន្តបន្ទាប់ នៅពាសពេញប្រទេស ក្នុងការប្រយុទ្ធគ្នាជាមួយចលនាបះបោរប្រដាប់អាវុធ ក៏ដោយ។ លោកស្រី Beth Van Schaack ដែលជាឯកអគ្គរដ្ឋទូតពិសេសរបស់អាមេរិក ទទួលបន្ទុកកិច្ចការយុត្តិធម៌ព្រហ្មទណ្ឌសកល បានលើកឡើងថា នាពេលនេះ វាពិបាកនឹងស្រមៃខ្លាំងណាស់ ក្នុងការរៀបចំការបោះឆ្នោតមួយ ដែលអាចប្រព្រឹត្តទៅដោយសេរី នៅមីយ៉ាន់ម៉ា ព្រោះការបោះឆ្នោតណាមួយ ដែលធ្វើឡើង នឹងគ្រាន់តែមធ្យោបាយ ដើម្បីជួយឱ្យពួកយោធា ត្រឡប់ទៅកាន់អំណាចវិញប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីខែសីហា រដ្ឋមន្រ្តីការបរទេសចិន បានបង្ហាញការគាំទ្រ ចំពោះផែនការរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការរៀបចំការបោះឆ្នោតសកលថ្មី ហើយនាំប្រទេសដែលហែកហួរដោយជម្លោះមួយនេះ ត្រឡប់ឆ្ពោះទៅរកការធ្វើអន្តរកាលប្រជាធិបេយ្យ សាជាថ្មីឡើងវិញ៕