(ញូវយ៉ក)៖ របាយការណ៍របស់អាជ្ញាធរគ្រឿងញៀន នៃអង្គការសហប្រជាជាតិ (UN) បានឱ្យដឹងនៅថ្ងៃសុក្រនេះថា បណ្តាប្រទេសដែនកោះ ក្នុងតំបន់ប៉ាស៉ីហ្វិក ប្រឈមនឹងហានិភ័យនៃការក្លាយជាទីតាំងឈរជើង របស់ក្រុមឧក្រិដ្ឋកម្មសកល ខណៈដែលសកម្មភាពឧក្រិដ្ឋកម្ម បាននិងកំពុងកើនឡើងនៅទូទាំងតំបន់ដាច់ស្រយាល និងតំបន់ដែលងាយរងគ្រោះ ផ្នែកសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ ២០២៤។
របាយការណ៍ដដែល បានឱ្យដឹងទៀតថា «បរិយាកាសគំរាមកំហែង» នៅក្នុងតំបន់ ពីការជួញដូរគ្រឿងញៀន និងមនុស្ស ការនេសាទខុសច្បាប់ ការលួចសត្វព្រៃ ការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មតាមអ៉ីនធឺណេត កំពុងកើនឡើងយ៉ាងរហ័ស ជាងពេលណាៗទាំងអស់ ក្នុងប្រវត្តិសាស្រ្ត។ តំបន់ប៉ាស៉ីហ្វិក ឥលូវនេះ ជាកន្លែងសម្រាប់ក្រុមជួញដូរគ្រឿងញៀន មកពីទ្វីបអាមេរិក ក្រុមឧក្រិដ្ឋជនម៉ូតូធំពីអូស្ត្រាលី និងនូវែលសេឡង់ ព្រមទាំងក្រុមឧក្រិដ្ឋជនអាស៉ីផងដែរ។
របាយការណ៍នោះ គូសបញ្ជាក់ថា «ភាពរីកដុះដាល នៃប្រព័ន្ធអេកូឡូស៉ី នៃអំពើឧក្រិដ្ឋកម្ម នៅក្នុងតំបន់ប៉ាស៉ីហ្វិក បានទាក់ទាញបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដ៏មានឥទ្ធិពល មកពីផ្នែកផ្សេងៗទៀតនៃពិភពលោក។ មានក្តីបារម្ភកាន់តែខ្លាំង ថាផ្នែកខ្លះនៃតំបន់អាចធ្លាក់ចូល ឬក្លាយជាទីតាំងសំខាន់ ដែលកំណត់គោលដៅដោយក្រុមឧក្រិដ្ឋជន ដើម្បីធ្វើសកម្មភាពខុសច្បាប់»។
គួរបញ្ជាក់ថា ការរីករាលដាលនៃឧក្រិដ្ឋកម្មលើប្រព័ន្ធអេកូឡូស៉ី នៅក្នុងប្រទេស និងដែនដីនៃកោះប៉ាស៉ីហ្វិក ងាយនឹងកើតមានណាស់ ដោយសារតែភាពឯកោ និងកត្តាងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ក៏ដូចជាកម្រិតខ្ពស់នៃអំពើពុករលួយ និងសមត្ថភាពគ្រប់គ្រងរដ្ឋ នៅមានកម្រិត៕