(តេអេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្កោលទោសអ៊ីស្រាអែល ចំពោះការសម្លាប់ជនស៊ីវិល នៅក្នុងប្រទេសលីបង់ ហើយថាអ៊ីស្រាអែលអាចធ្វើដូចនេះបាន ដោយសារតែមានការគាំទ្រីលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
លោក Pezeshkian បានថ្លែងបែបនេះ ក្នុងឱកាសផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នៅក្រៅកិច្ចប្រជុំអន្តរជាតិមួយ នៅក្នុងប្រទេស Turkmenistan។
នាឱកាសនោះលោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំចង់និយាយទៅកាន់ថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ការសម្លាប់មនុស្សស្លូតត្រង់។ បញ្ឈប់ការទម្លាក់គ្រាប់បែកលើអគារលំនៅដ្ឋាន»។ ទន្ទឹមគ្នានេះ លោកបានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិ និងបានបន្ថែមថា «អ៊ីស្រាអែលធ្វើបែបនេះព្រោះខ្លួនដឹងថា អាមេរិក និងសហភាពអឺរ៉ុប នៅពីក្រោយ»។
ការថ្លែងនេះ ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល បានបង្កើនការវាយប្រហារ ទៅលើក្រុមហេសបូឡា នៅលីបង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ អ៊ីស្រាអែល បាននិយាយថា ប្រតិបត្តិការរបស់ខ្លួន មានគោលបំណងអនុញ្ញាតឱ្យប្រជាជនអ៊ីស្រាអែល ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីត្រូវបានបង្ខំឱ្យជម្លៀសចេញ ដោយសារតែការបាញ់រ៉ុក្កែតរបស់ហេសបូឡា។
គួរបញ្ជាក់ថា មជ្ឈិមបូព៌ា នៅតែស្ថិតក្នុងភាពតានតឹងខ្ពស់ ដោយរង់ចាំការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់៕