(ព្រុចស៊ែល)៖ សហភាពអឺរ៉ុប (EU) ត្រូវបានគេរំពឹងថា នឹងដាក់ទណ្ឌកម្មលើបុគ្គល និងអង្គការអ៊ីរ៉ង់ ដែលជាប់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់មីស៊ីលផ្លោង ដល់ប្រទេសរុស្ស៊ី។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ EU ម្នាក់ ដែលបាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ។
មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះរូបនេះ បានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ នឹងត្រូវអនុវត្ត បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស EU នៅថ្ងៃចន្ទ។ ទោះបីជាមិនបានផ្តល់ព័ត៌មានលម្អិត ក៏ដោយ មន្ត្រីរូបនេះបានបញ្ជាក់ថា ទណ្ឌកម្មនឹងកំណត់គោលដៅ ទាំងបុគ្គល និងអង្គការអ៊ីរ៉ង់៕