(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃសុក្រនេះបានប្រកាសផ្តល់ជំនួយយោធាបន្ថែម ចំនួន ១.៤ ពាន់លានអឺរ៉ូ (១.៥៣ ពាន់លានដុល្លារ) ដល់អ៊ុយក្រែន នៅចុងឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
ការប្រកាសនេះ ធ្វើឡើងក្នុងអំឡុងពេលជំនួប រវាងលោក Scholz និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នៅទីក្រុងប៊ែរឡាំង។
នាឱកាសនោះ លោក Scholz បាននិយាយថា ជំនួយនេះ គឺជាសញ្ញាមួយដល់រុស្ស៊ី ដែលបង្ហាញថា លោកខាងលិចនឹងមិនបញ្ឈប់ការគាំទ្រ អ៊ុយក្រែនទេ។ ជំនួយនេះ នឹងត្រូវផ្តល់រួមគ្នា ជាមួយបែលហ្សិក ដាណឺម៉ាក និងន័រវែស ហើយរួមមានប្រព័ន្ធការពារអាកាស រថក្រោះ យន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំ។
គួរបញ្ជាក់ថា លោក Zelenskiy បាននិងកំពុងជួបជាមួយសម្ព័ន្ធមិត្តនៅអឺរ៉ុប ក្នុងសប្តាហ៍នេះ ដើម្បីបង្ហាញ «ផែនការជ័យជំនះ» ដើម្បីបញ្ចប់សង្រ្គាម និងស្នើសុំអាវុធរយៈចម្ងាយឆ្ងាយ ដែលអាចវាយប្រហារកាន់តែជ្រៅ ទៅក្នុងទឹកដីរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃផែនការនេះ មិនត្រូវបានបង្ហាញជាសាធារណៈទេ។ មន្ត្រីអាមេរិកម្នាក់ បាននិយាយថា វាគ្រាន់តែជាសំណើសុំអាវុធបន្ថែម និងការលុបចោលការរឹតបន្តឹង លើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយប៉ុណ្ណោះ៕