(ម៉ាណាហ្កា)៖ នីការ៉ាហ្កាកាលពីថ្ងៃសុក្រ ទី១១ ខែតុលា បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល ខណៈប្រទេសនៅតំបន់អាមេរិកណ្តាលមួយនេះ បានហៅរដ្ឋាភិបាលអ៉ីស្រាអែល ជារដ្ឋាភិបាលហ្វាស៉ីស ដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន រដ្ឋាភិបាលនីការ៉ាហ្កា បាននិយាយថា ការសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងនេះ គឺដោយសារការវាយប្រហាររបស់អ៉ីស្រាអែល លើដែនដីប៉ាឡេស្ទីន ហើយជម្លោះនាពេលនេះទៀតសោត បាននិងកំពុងរាលដាលដល់ប្រទេសលីបង់ ព្រមទាំងគំរាមកំហែងជាខ្លាំង ដល់ប្រទេសមួយចំនួនទៀតក្នុងតំបន់ ដូចជាស៉ីរី យេម៉ែន និងអ៉ីរ៉ង់។ អំឡុងសង្រ្គាមអ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន រយៈពេលជាង១ឆ្នាំមកនេះ មានមនុស្សសរុបលើស៤២,០០០នាក់ បានស្លាប់នៅតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា តំបន់មជ្ឈិមបូព៌ា កំពុងស្ថិតក្នុងហានិភ័យនៃការកើនឡើងជម្លោះកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីអ៉ីរ៉ង់បានបាញ់ស្រោចមីស៉ីល សំដៅលើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា ហើយអ៉ីស្រាអែល បានប្តេជ្ញាសងសឹកទៅវិញ។ អ៉ីរ៉ង់ជាខ្នងបង្អែកក្រុមហេសបូឡា មានមូលដ្ឋាននៅភាគខាងត្បូងលីបង់ ដែលកំពុងស្ថិតក្រោមការវាយប្រហារយ៉ាងក្តៅគគុកពីអ៉ីស្រាអែល អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ៕