(ព្យុងយ៉ាង)៖ កាលពីថ្ងៃសុក្រ ទី១១ ខែតុលា កូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូង អំពីការបញ្ជូនដ្រូនឱ្យមកទម្លាក់ ខិតប័ណ្ណរិះគន់កូរ៉េខាងជើង ក្នុងចំនួនយ៉ាងច្រើន នៅលើរដ្ឋធានីព្យុងយ៉ាងរបស់ខ្លួន ហើយបានចាត់ទុកទង្វើបែបនោះ ជាសកម្មភាពបង្កហេតុ ដែលអាចនាំទៅរកការផ្ទុះជម្លោះប្រដាប់អាវុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ដ្រូនទាំងនោះបានហោះមកលើទីក្រុងព្យុងយ៉ាង នាពេលយប់ក្នុងសប្តាហ៍នេះ និងកាលពីសប្តាហ៍មុន ហើយសកម្មភាពទន្ទ្រានបែបនេះ ទាមទារឱ្យមានការឆ្លើយតបទៅវិញ។ ក្រសួងការបរទេសកូរ៉េខាងជើង បានទាមទារឱ្យកូរ៉េខាងត្បូងបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពបង្កហេតុគ្មានការទទួលខុសត្រូវនិងគ្រោះថ្នាក់ ដែលអាចនឹងបង្កឱ្យផ្ទុះជម្លោះប្រដាប់អាវុធ និងនាំទៅរកសង្រ្គាមរវាងភាគីទាំងពីរ ហើយបានសង្កត់ធ្ងន់ថា នឹងគ្មានការព្រមានទៀតឡើយ ដោយកូរ៉េខាងជើង នឹងចាត់វិធានការភ្លាមៗ ក្នុងករណីកូរ៉េខាងត្បូង នៅតែបន្តបញ្ជូនដ្រូនចូលទឹកដីរបស់ខ្លួន។
យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនមិនអាចផ្ទៀងផ្ទាត់បាននៅឡើយទេ អំពីការពិតនៃអំណះអំណាងខាងលើរបស់កូរ៉េខាងជើង ប៉ុន្តែបានរិះគន់បកទៅកូរ៉េខាងជើងវិញ ជុំវិញសកម្មភាពបង្ហោះបាឡុងផ្ទុកសម្រាម។ ចាប់តាំងពីខែឧសភា ឆ្នាំនេះ កូរ៉េខាងជើង បានបង្ហោះបាឡុងរាប់ពាន់ឡុង ដែលភ្ជាប់ជាមួយសំរាមចូលទៅកាន់កូរ៉េខាងត្បូង ដែលជាហេតុបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ។ ទីក្រុងព្យុងយ៉ាង បានអះអាងថា ការបង្ហោះបាឡុងទាំងនោះ គឺជាការឆ្លើយតបចំពោះសកម្មជន និងជនជាតិកូរ៉េខាងជើងមួយចំនួន នៅកូរ៉េខាងត្បូង ដែលបានបង្ហោះបាឡុងចូលកូរ៉េខាងជើង ដោយភ្ជាប់ជាមួយ របស់របរហាមឃាត់ និងខិតប័ណ្ណរិះគន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំមុន ដ្រូនកូរ៉េខាងជើង៥គ្រឿង បានហោះឆ្លងចូលកូរ៉េខាងត្បូង ញ៉ាំងឱ្យទីក្រុងសេអ៊ូលចល័ត យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធ ឡើងលើផ្ទៃអាកាស ហើយព្យាយាមបាញ់ទម្លាក់ពួកវា។ វាគឺជាការទន្ទ្រានដែនអាកាសដោយដ្រូនកូរ៉េខាងជើង លើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ២០១៧។ តាមពិតប្រទេសកូរ៉េទាំងពីរ បើតាមបច្ចេកទេស គឺកំពុងបន្តស្ថិតក្នុងស្ថានភាពមានសង្រ្គាមជាមួយគ្នានៅឡើយទេ ដ្បិតសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបិទបញ្ចប់ ដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពពេញលេញ នោះឡើយ៕