(បែរឡាំង)៖ កាលពីថ្ងៃសុក្រ ទី១១ ខែតុលា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបន្តបង្ហាញក្តីសង្ឃឹមថា សង្រ្គាមជាមួយប្រទេសរុស្ស៉ី នឹងអាចបិទបញ្ចប់ទៅវិញ នៅត្រឹមឆ្នាំ២០២៥ ខណៈរូបលោកបំពេញទស្សនកិច្ច នៅទីក្រុងបែរឡាំង ដើម្បីស្វែងរកការបន្តផ្តល់ជំនួយយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ហ្សេលេនស្គី បានធ្វើទស្សនកិច្ចទៅកាន់ ទីក្រុងនៃប្រទេសអឺរ៉ុបមួយចំនួន រួមមានឡុងដ៍ ប៉ារីស និងរ៉ូម ដើម្បីស្វែងរកការគាំទ្រសម្រាប់អ៊ុយក្រែន មុនរដូវរងាចូលមកដល់។ នៅទីក្រុងបែរឡាំង លោក ហ្សេលេនស្គី បាននិយាយថា រូបលោកនឹងបង្ហាញផែនការជ័យជម្នះ ដល់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដើម្បីយកឈ្នះសង្រ្គាមជាមួយរុស្ស៉ី ហើយបានបន្តបង្ហាញក្តីសង្ឃឹមថា ជម្លោះនឹងអាចចប់មិនយូរជាងឆ្នាំក្រោយ គឺ២០២៥ នោះឡើយ។
លោក ហេលេនស្គី បានសង្កត់ធ្ងន់ដូច្នេះថា «ជាងនរណាទាំងអស់នៅលើពិភពលោក អ៊ុយក្រែនចង់បានទីបញ្ចប់ដែលឆាប់រហ័ស ប៉ុន្តែមានយុត្តិធម៌ សម្រាប់សង្រ្គាមមួយនេះ។ សង្រ្គាមនេះ កំពុងបំផ្លិចបំផ្លាញប្រទេសយើង និងឆក់យកអាយុជីវិតប្រជាជនយើង»។ លោក Scholz បានសន្យាថា អាល្លឺម៉ង់និងបណ្តាញដៃគូនៅសហភាពអឺរ៉ុប នឹងផ្តល់បរិក្ខារយោធាបន្ថែម ក្នុងឆ្នាំនេះ ហើយជំនួយរបស់អាល្លឺម៉ង់ នឹងមានទំហំ៤ពាន់លានអឺរ៉ូ នៅឆ្នាំ២០២៥។
គួរបញ្ជាក់ថា អាល្លឺម៉ង់គឺជាអ្នកផ្គត់ផ្គង់ជំនួយយោធាធំបំផុតទី២ របស់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក។ ទោះជាបែបនេះក៏ក្តី លោក Scholz បានបដិសេធបញ្ជូន មីស៉ីលរយៈចម្ងាយឆ្ងាយរបស់អាល្លឺម៉ង់ Taurus ឱ្យអ៊ុយក្រែន ក្រោមការភ័យព្រួយថា អាចកើនឡើងការប្រឈមមុខកាន់តែខ្លាំង រវាងអង្គការ NATO និងរុស្ស៉ី៕