(ប៉េកាំង)៖ នៅថ្ងៃទី ៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ ព្រមនិងកិច្ចប្រជុំពាក់ព័ន្ធ បានបើកធ្វើនៅទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវដែលជាប្រធានប្តូរវេន នៃអាស៊ានក្រោមប្រធានបទ"អាស៊ាន៖បង្កើនការតភ្ជាប់និងភាពធន់"។ កិច្ចប្រជុំកំពូលលើកនេះមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសជាង ២០ ក្នុងនោះបូករួមទាំងបណ្តាប្រទេសអាស៊ាន ដៃគូសន្ទនាអាស៊ាននិងប្រទេសអ្នកសង្កេតការណ៍ ព្រមទាំងតំណាងមកពី អង្គការអន្តរជាតិជាច្រើន ដូចជាអង្គការសហប្រជាជាតិជាដើម។
ចាប់តាំងពីបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីមក ភាគីទាំងពីរចិននិងអាស៊ាន បានធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងស៊ីជម្រៅក្នុងគ្រប់វិស័យ ដូចជាពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម ដែលទទួលបានការវិវឌ្ឍរីកចម្រើនដ៏វិជ្ជមាន។ ប្រទេសចិន សម្ព័ន្ធអាស៊ាននិងប្រទេស ជារដ្ឋសមាជិកអាស៊ានចំនួន ១០ សុទ្ធតែបានចុះហត្ថលេខា ហើយបានអនុវត្តឯកសារសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ហេតុនេះហើយ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ានបានឈានចូលគន្លងល្បឿនលឿន។
ទីមួយ ការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានភាពកាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ ។ ចាប់តាំងពីឆ្នាំ ២០១៣ មក ល្បឿនកំណើននៃពាណិជ្ជកម្មរវាងចិននិងអាស៊ានគិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើង ៧,៥ ភាគរយ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៣ បានឡើងដល់ ៩១ ម៉ឺន ១ ពាន់ ៧ រយ លានដុល្លារអាមេរិក។ ដោយឡែកប្រទេសចិន បានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាស៊ានក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា ចំណែកអាស៊ានគឺជាដៃគូពាណិជ្ជកម្មធំ ទីមួយរបស់ប្រទេសចិន ក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា។ ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង ចិននិងអាស៊ានបានឡើងដល់ ៥ សែន ៥ ម៉ឺន ២ ពាន់ លានដុល្លារអាមេរិកដែលកើនឡើង ៧,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ គឺត្រូវជា ១៥,៨ ភាគរយនៃទំហំនាំចេញនាំចូលសរុបខាងពាណិជ្ជកម្ម ជាមួយបរទេសរបស់ប្រទេសចិនក្នុងរយៈពេលដូចគ្នា។
ទីពីរ កិច្ចសហប្រតិបត្តិការផ្នែកវិនិយោគត្រូវបានលើកកម្ពស់ជាលំដាប់។ គិតមកដល់ខែកក្កដា ឆ្នាំ២០២៤ ទំហំវិនិយោគ ទៅវិញទៅមករវាងចិននិងប្រទសអាស៊ានមានចំនួនលើសពី ៤០០ ពាន់លានដុល្លារអាមេរិក ហើយទំហំអាជីវកម្ម នៃគម្រោងតាមកិច្ចសន្យាដែលសហគ្រាសចិន បានទទួលម៉ៅការសាងសង់នៅប្រទេសអាស៊ាន មានចំនួនលើសពី ៤៤០ ពាន់លានដុល្លារអាមេរិក។
ទីបី ជំរុញដំណើរសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានប្រសិទ្ធភាពជាមួយគ្នា ។ «កិច្ចព្រមព្រៀងទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» (ហៅកាត់ថា RCEP )ត្រូវបានអនុវត្តប្រកបដោយគុណភាពខ្ពស់ ការចរចាស្តីពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានកំណែ 3.0 ត្រូវបានពន្លៀន ការរៀបចំចាត់ចែងតំបន់ពាណិជ្ជកម្មសេរីចិន--កម្ពុជានិងចិន-សិង្ហបុរីជាដើមបំពេញបន្ថែមកម្លាំងចលករ ភាគលាភនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគីត្រូវបានបញ្ចេញជាបន្តបន្ទាប់ ហើយកម្រិតសេរីភាពនិងភាពងាយស្រួល ខាងការធ្វើពាណិជ្ជកម្មនិងវិនិយោគ ត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត។
អ្នកជំនាញសម្គាល់ឃើញថា បច្ចុប្បន្ននេះ ការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងអាស៊ានទទួល ការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ មានអនាគតគួរឱ្យរំពឹងទុក ។ កិច្ចសហប្រតិបតិ្តការផ្នែកខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់រវាងភាគីទាំងពីរ បានបង្ហាញឱ្យឃើញ នូវភាពធន់យ៉ាងខ្លាំងបង្គួរ ពីវិស័យប្រពៃណីដល់វិស័យងើបឡើងថ្មី ដូចជាឌីជីថល និងបៃតងជាដើម កិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងចិននិងអាស៊ានកំពុងធ្វើឱ្យស៊ីជម្រៅ និងលើកកម្ពស់លំដាប់ថ្នាក់ថែមមួយកម្រិតទៀត ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឧស្សាហកម្មដែលងើបឡើងថ្មី ដូចជារថយន្តអគ្គិសនីជាដើមមានអនាគតគួរឱ្យរំពឹងទុក ហើយបានបង្កើតជាប្រសិទ្ធភាព នៃការពង្រីកទៅខាងក្រៅនិងជាគំរូដ៏វិជ្ជមាន។
នៅក្នុងកិច្ចប្រជុំស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ខាងឧស្សាហកម្មរថយន្តអគ្គិសនីចិន-អាស៊ានដែលប្រារព្ធធ្វើ នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Liu Xin អគ្គលេខាធិការនៃគណៈកម្មាធិការសហប្រតិបត្តិការខាងឧស្សាហកម្ម RCEP (RICC) បានថ្លែងថា កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មរថយន្តអគ្គិសនីរវាងចិន និងប្រទេសអាស៊ាន មានភាពបំពេញបន្ថែមគ្នាយ៉ាងខ្លាំង ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងចំណោមគំនិតឯកភាពរួមអំពីកិច្ចសហប្រតិបត្តិការ ពហុភាគីនិងទ្វេភាគីដែលសម្រេចបានដោយប្រទេសចិន សម្ព័ន្ធអាស៊ាននិងប្រទេសជារដ្ឋសមាជិកអាស៊ាន សុទ្ធតែមានខ្លឹមសារពាក់ព័ន្ធនឹងការជំរុញ កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលថ្មី។
ទីផ្សារ បរិយាកាសឧស្សាហកម្មនិងគោលនយោបាយដ៏ល្អប្រសើរ បានជំរុញឱ្យអាស៊ានក្លាយជាទីផ្សារមួយ ដែលមានកំណើនលឿនបំផុតនៃឧស្សាហកម្មរថយន្តថាមពលថ្មី នៅទូទាំងពិភពលោក ហើយក៏បានក្លាយជាទីផ្សារដ៏សំខាន់ សម្រាប់ការនាំចេញរថយន្តថាមពលថ្មីរបស់ចិន និងការវិនិយោគនៅបរទេសផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហគ្រាសរថយន្តអគ្គិសនីរបស់ចិនដែលរួមមាន Geely BYD Changan ជាដើមបាននាំគ្នាពន្លឿនការបង្កើត រចនាសម័្ពន្ធខាងវិនិយោគនៅក្នុងប្រទេសអាស៊ាន។
សូមយកប្រទេសកម្ពុជាជាឧទាហរណ៍ ឧស្សាហកម្មរថយន្តអគ្គិសនីរបស់កម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍បឋម ដែលមានអនាគតយ៉ាងទូលំទូលាយ។ តាមរបាយការណ៍ដែលចេញផ្សាយដោយ ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា បានបង្ហាញឱ្យឃើញថា គិតមកទល់ខែមិថុនា ឆ្នាំ ២០២៤ បរិមាណសរុបនៃរថយន្តអគ្គិសនី ដែលបានចុះបញ្ជីក្នុងប្រទេសខ្លួន មានចំនួន ១៦១៤ គ្រឿងដែលម៉ាកយីហោសំខាន់ៗរួមមាន BYD Tesla HongQi Wuling ជាដើម តាមការប៉ាន់ប្រមាណ រថយន្តអគ្គិសនីដែលបើកបរតាមផ្លូវថ្នល់នឹងមានចំនួន ៤០ ភាគរយនៅឆ្នាំ ២០៥០។ កាលពីខែកក្កដា ឆ្នាំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមដោយបង្ហើបឱ្យដឹងថា ក្រុមហ៊ុន BYD គ្រោងនឹងធ្វើវិនិយោគសាងសង់រោងចក្រនៅកម្ពុជា។ មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបាននិងកំពុងពន្លឿនការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនីដោយរំពឹងទុកថា ម៉ាករថយន្តដើរដោយថាមពលថ្មីរបស់ចិនកាន់តែច្រើនឡើងៗ នឹងចូលក្នុងទីផ្សារកម្ពុជាដើម្បីនាំយកនូវបទពិសោធថ្មី ក្នុងការធ្វើដំណើរបៃតងជូនដល់ប្រជាជនកម្ពុជា។
តាមទិន្នន័យស្ថិតិនៃសហព័ន្ធឧស្សាហកម្មថៃ (FTI) បង្ហាញឱ្យឃើញថា នៅឆមាសទី ១ ឆ្នាំនេះ ចំនួនស្លាកលេខនៃរថយន្តអគ្គិសនី សុទ្ធនៅប្រទេសថៃបានកើនឡើង ១០,៤ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ដែលមានចំនួនដល់ទៅ ៣១៦៤៨ គ្រឿងក្នុងនោះ មាន ៨៥ ភាគរយ គឺជាម៉ាករថយន្តអគ្គិសនីរបស់ចិន។ ប្រធានសមាគមន៍រថយន្តអគ្គិសនីសិង្ហបុរីរំពឹងថា អាចទទួលបានបទពិសោធពាក់ព័ន្ធពី ការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសចិន ហើយនឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសសិង្ហបុរី និងក្រុមហ៊ុនផលិតឧស្សាហកម្មរថយន្តអគ្គិសនីរបស់ចិន ដូចជាទូរសាកថ្មនិងអាគុយជាដើម។
នាពេលបច្ចុប្បន្ននេះ អាស៊ានបានក្លាយជាគោលដៅពេញនិយមបំផុតមួយ សម្រាប់ការនាំចេញរថយន្តដើរដោយថាមពលថ្មី របស់ប្រទេសចិន ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺ ម៉ាករថយន្តរបស់ចិនក៏កំពុងជំរុញយ៉ាងខ្លាំង នូវការធ្វើផលិតកម្មនៅក្នុងប្រទេសអាស៊ានផងដែរ។ លោក Xu Haidong អគ្គវិស្វកររងនៃសមាគមន៍ ឧស្សាហកម្មរថយន្តចិនបានលើកឡើងថា "ស្របពេលដែលបរិមាណនាំចេញរថយន្តរបស់ប្រទេសចិន បានកើនឡើងជាបន្តបន្ទាប់ ការវិនិយោគដោយផ្ទាល់នៅបរទេសក៏នឹងឈានចូល ដំណាក់កាលអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដែរ។ សហគ្រាសផលិតរថយន្តរបស់ចិន កាន់តែច្រើនឡើងៗកំពុងចូលក្នុងទីផ្សារអាស៊ាន យ៉ាងសកម្មដើម្បីវិនិយោគលើ ការសាងសង់រោងចក្រ"។
គួររំលឹកផងដែរថា «កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» (ហៅកាត់ថា RCEP )បានចូលជាធរមានដោយគ្រប់ជ្រុងជ្រោយ នៅប្រទេសជារដ្ឋសមាជិកអាស៊ានចំនួន ១៥ កាលពីខែមិថុនា ឆ្នាំនេះដែលនឹងផ្តល់ឱកាសថ្មី និងបំផុសកម្លាំងចលករថ្មីនៃការអភិវឌ្ឍសម្រាប់ ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាស៊ាន ។ នៅពេលដែលប្រទេសចិននិងអាស៊ានប្រមូលផ្តុំ នូវគំនិតឯកភាពរួមនិងពួតដៃគ្នា ដើម្បីជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាង ចិននិងអាស៊ាន ផ្លូវដែលរថយន្តថាមពលថ្មីរបស់ចិន ចូលក្នុងទីផ្សារអាស៊ាននឹងមានភាពកាន់តែរាបស្មើ ហើយឧស្សាហកម្មរថយន្តអគ្គិសនី នៅក្នុងតំបន់អាស៊ានក៏នឹងទទួលបានការអភិវឌ្ឍ កាន់តែល្អប្រសើរនិងកាន់តែលឿនផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន