(ប៉េកាំង)៖ កាលពី៧០ឆ្នាំមុនគឺនៅឆ្នាំ១៩៥៤ សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស ត្រូវបានបង្កើតឡើងដើម្បីចូលរួមផ្សព្វផ្សាយ កាន់តែទូលំទូលាយពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយឈរយ៉ាងរឹងមាំលើគោលការណ៍សន្តិភាពទាំង៥រួមមាន៖ ១.ការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ២.ការមិនឈ្លានពាន ៣.ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ៤.ការគោរពនិងផ្តល់តម្លៃចំពោះសមភាព និងផលប្រយោជន៍ទៅវិញទៅមក និង៥.ការរួមរស់ដោយសន្តិភាព និងសុខដុមនីយកម្ម។ ដោយឈរយ៉ាងរឹងមាំលើគោលការណ៍សន្តិភាព ទើបមិត្តបរទេសជាច្រើន បានផ្តើមកិច្ចសហប្រតិបត្តិការបង្កើតឡើង នូវសមាគមមិត្តភាពជាមួយចិន ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។ នៅឆ្នាំ២០០០ កម្ពុជាក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ទើបសមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានបង្កើតឡើង ហើយទីស្នាក់ការកណ្តាលសមាគមនេះបានប្រសិទ្ធនាមថា ជាផ្ទះរួមរបស់ប្រជាជនកម្ពុជានិងប្រជាជនចិន។
ឆ្នាំ២០២៤ជាខួប៧០ឆ្នាំនៃគោលគំនិតសន្តិភាពរបស់ប្រទេសចិន ហើយក៏ជាខួប៧០ឆ្នាំនៃថ្ងៃកំណើតរបស់សមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេស ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ថ្លែងនៅក្នុងជំនួបជាមួយមិត្តបរទេស ១០៣ប្រទេសដែលជាថ្នាក់ដឹកនាំសមាគមមិត្តភាពបរទេសជាមួយប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា សមាគមប្រជាជនចិនសម្រាប់មិត្តភាព ជាមួយបរទេសដែលមានអាយុ៧០ឆ្នាំនេះ បានដើរតួនាទីសំខាន់មួយក្នុងការអភិវឌ្ឍមិត្តភាព រវាងប្រជាជនចិននិងបរទេស និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព។ សមាគមមិត្តភាពគឺជាស្ពាន និងជាបេះដូងនៃការប្រាស្រ័យទាក់ទងគ្នា ដើម្បីបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ នូវមិត្តភាពរវាងប្រជាជនចិននិងប្រជាជនបរទេស ព្រមទាំងធ្វើការរួមគ្នាដើម្បីកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
ការណ៍នេះស្របនឹងពាក្យពេចន៍របស់ខុងជឺ ដែលមានភាពពេញនិយមនៅក្នុងសង្គមចិនថា «វាជារឿងរីករាយ ដែលមានមិត្តមកពីចម្ងាយ» ដែលបានបង្ហាញពីសណ្តានចិត្តរីករាយ របស់ប្រជាជនចិនចំពោះការមកដល់របស់មិត្តភក្តិ។ តាំងពីបុរាណកាលរៀងរហូតមក ពាក្យពេចន៍ពីបុរាណនេះ ល្បីឈ្មោះនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសចិន ហើយបានឆ្លុះបញ្ចាំងនូវទង្វើរបស់ប្រជាជនចិន ប្រកបដោយមនោសញ្ចេតនារាប់អានមិត្តដ៏ស្មោះស្ម័គ្រ។ ជាសច្ចភាពដែលយើងទទួលស្គាល់ថា មិត្តភាពរវាងប្រជាជននិងប្រជាជន គឺជាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែងនៃទំនាក់ទំនងអន្តរជាតិ និងជាកម្លាំងចលករដែលមិនអាចកាត់ថ្លៃបាន សម្រាប់ការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក។
ក្រឡេកថយក្រោយរំលឹកពីអតីតកាល សាធារណរដ្ឋប្រជាមានិតចិនដែលមានអាយុ៧៥ឆ្នាំ គិតដល់ឆ្នាំ២០២៤នេះទទួលបាន នូវមហាសមិទ្ធផលទាំងឡាយ គឺពិតជាមិនអាចកាត់ផ្តាច់ពីសម្លេងទំនាក់ទំនង រវាងប្រជាជនចិននិងប្រជាជនបរទេសនានា នៅជុំវិញពិភពលោកឡើយ។ ច្បាស់ណាស់ថាប្រទេសដែល ពោរពេញដោយស្មារតីមិត្តភាពជាមួយចិន ជជែកពីកិច្ចកសាង សហគមន៍ជោគវាសនារួមជាមួយចិន បានចែករំលែកភាពសុខដុមរមនា ជាមួយប្រជាជនចិន ហើយទាំងចិន ទាំងប្រទេសទាំងឡាយនោះបានរួមគ្នា យ៉ាងសកម្មក្នុងចលនាទំនើបភាវូបនីយកម្មសង្គមនិយមរបស់ប្រទេសចិន ដែលនេះមិនត្រឹមតែទទួលបាន ផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះសម្រាប់គ្រប់ភាគីទាំងអស់ ថែមទៀតផង។
ឆ្នាំ២០២៤ ជាពេលវេលាដ៏ល្អនៃការចេញដំណើររួមគ្នា ក្នុងការចារឹកទំព័រថ្មីនៃសហគមន៍ជោគវាសនារួម នៃមនុស្សជាតិដោយយើងរៀនសូត្រ ពីគ្នាទៅវិញទៅមកជាពិសេសការយល់ដឹងកាន់តែស៊ីជម្រៅ ពីគំនិតផ្តួចផ្តើមអរិយធម៌សកលដើម្បីគេចចេញផុត ពីឱ្យសោកនាដកម្មជាច្រើនដែលបាននិងកំពុង បន្តកើតឡើងនៅក្នុងសង្គមមនុស្ស។ សមាគមមិត្តភាពរបស់បណ្តាប្រទេសទាំងអស់ នឹងបន្តចូលរួមជាមួយសមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេសដោយអនុញ្ញាតឱ្យ ប្រជាជនយើងទាំងអស់បានរួមគ្នាគូររូបភាពអរិយធម៌ ដែលជំរុញការកសាងសហគមន៍ ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិដោយគំនិតបើកចំហនិងបរិយាប័ន្ន។
ទាំងអរិយធម៌ចិន ទាំងអរិយធម៌របស់ជាតិសាសន៍នីមួយៗបានភ្ជាប់មកជាមួយនូវឧត្តមគតិ និងសេចក្តីប្រាថ្នាជាទូទៅ របស់មនុស្សជាតិ ក្នុងការអភិវឌ្ឍ និងវឌ្ឍនភាព ហើយអរិយធម៌ចិនរួមជាមួយអរិយធម៌មនុស្សជាតិ គឺជាអ្នកការពារ នូវគុណតម្លៃនានាក្នុងស្មារតីប្រកបដោយបរិយាប័ន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក ហើយស្វែងរកនូវគុណតម្លៃរួម នៅក្នុងប្រពៃណីវប្បធម៌រៀងៗខ្លួនរបស់ប្រជាជនយើងថែមទៀតផង។ បន្ថែមពីលើនេះ មរតកនៃទំនាក់ទំនងល្អរវាងប្រជាជនចិន និងប្រជាជនបរទេសបាននិងកំពុងពង្រឹងនិងពង្រីក ពន្លាតដោយយុវជនជំនាន់ក្រោយ ស្របនឹងទស្សនៈដែលថា «ចាស់ដឹងផ្លូវ ចាស់មានបទពិសោធន៍ ហើយក្មេងមានថាមភាព មានភាពនវានុវត្ត» ដែលតាមរយៈនេះ សមាគមមិត្តភាព បានក្លាយជាវេទិកានៃការរួមកម្លាំងរវាងអ្នកជំនាន់មុននិងយុវវ័យដើម្បីបង្កើនល្បឿនលើវិថីនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ។
អនាគតបន្តទៅមុខ ចិននៅបន្តជជែកពីមិត្តភាពដើម្បីបង្កើន ភាពរីករាយរវាងប្រជាជននិងប្រជាជន ហើយ ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ គឺជាសម្លេងរួមរបស់ប្រជាជននៃគ្រប់បណ្តាប្រទេសទាំងអស់។ សហគមន៍នេះជាការអំពាវនាវរួមគ្នារបស់មនុស្សជាតិ ដែលមានអនាគតរួមគ្នា ហើយប្រទេសចិនបានឈរយ៉ាងរឹងមាំ លើយន្តការដោយមានក្នុងរយៈពេល៧០ឆ្នាំកន្លងមក របស់សមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេស ក្នុងការពង្រឹងការផ្លាស់ប្តូរមិត្តភាព ជាមួយមិត្តភក្តិមកពីជុំវិញពិភពលោក ផ្តល់ការលេងពេញលេញចំពោះតួនាទីពិសេស នៃការទូតរវាងប្រជាជន និងប្រជាជន និងធ្វើការរួមគ្នាដើម្បីកសាង សហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
សមាគមមិត្តភាពជាកិច្ចខិតខំរួមគ្នា រវាងប្រជាជនចិនជាមួយមិត្តបរទេសជាច្រើនជំនាន់ ដែលបានសាបព្រោះនូវគ្រាប់ពូជមិត្តភាព រវាងចិននិងបរទេស ឬរវាងបរទេសនិងចិនឲ្យបានលូតលាស់ទៅជាដើមឈើបៃតងស្រស់មានជីជាតិល្អ។ ជជែកពីមិត្តភាព រួមជាមួយស្មារតីថែរក្សាសន្តិភាពគឺពិតជាបានចូលរួម ក្នុងការធានានូវលំហូរនៃទេពកោសល្យ និងគំនិតយ៉ាងល្អរវាងប្រជាជន និងប្រជាជន ដែលបានផ្តល់ឱកាសដល់រដ្ឋាភិបាលអាចអនុវត្តគម្រោង«រយ ពាន់ ម៉ឺន សែន» ដើម្បីបង្កើនទំនាក់ទំនងមិត្តភាព រវាងប្រទេសចិន និងបរទេស។ ការលើកតម្កើងតម្លៃរួមនៃសន្តិភាព ការអភិវឌ្ឍ យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពសម្រាប់មនុស្សជាតិ នោះយើងនឹងរួមគ្នាជាមួយចិន ក្នុងការកសាងផែនដីយើងរស់នៅជាមួយគ្នាឱ្យមានសន្តិភាព សុខដុមរមនា ព្រមទាំងពង្រីកកាន់តែទូលាយ និងបើកចំហនូវយន្តការពហុប៉ូល។
ជារួម ក្នុងរយៈពេល៧០ឆ្នាំនៃគោលការណ៍សន្តិភាព និងស្មារតីមិត្តភាពដែលចិនបានជជែកជាមួយ ពិភពលោកតាមរយៈសមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេស ជាការគូសរំលេចដោយឥតលាក់លៀមពី អមតភាពនៃទំនាក់ទំនងជាប្រពៃណី មិត្តភាព ភាតរភាពរវាងប្រជាជាតិនៃប្រទេសចិន និងបរទេស ដោយប្រកៀកស្មារួមគ្នាក្នុងកិច្ចកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន