(វ៉ាស៉ីនតោន)៖ តាមការស្ទង់មតិរបស់កាសែត Wall Street Journal នៅរដ្ឋធំៗចំនួន ៧ បានបង្ហាញថា បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ត្រាំ មានប្រៀបលេី លោកស្រី កាមេឡា ហារីស បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ និងជាអនុប្រធានាធិបតីអាមេរិក ជុំវិញភាពជាអ្នកដឹកនាំប្រទេសឱ្យប្រសើរ អំឡុងពេលមានសង្រ្គាមអ៊ុយក្រែន និងជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័តមាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ ២០២៤។
លោកស្រី ហារីស ទទួលបានពិន្ទុ ២ភាគរយនៅរដ្ឋ Arizona, Georgia និង Michigan រីឯលោក ត្រាំ ទទួលបាន ៦ពិន្ទុនៅរដ្ឋ Nevada និង ១ពិន្ទុនៅរដ្ឋ Pennsylvania ហើយមានពិន្ទុស្មេីគ្នានៅរដ្ឋ North Carolina និង Wisconsin។ ការស្ទង់មតិនេះធ្វេីចំពោះអ្នកចុះឈ្មោះបោះឆ្នោតចំនួន ៦០០នាក់ នៅក្នុងរដ្ឋនីមួយៗ ចាប់ពីថ្ងៃទី២៨កញ្ញា ដល់ថ្ងៃទី៨ ខែតុលា។
ជុំវិញបញ្ហាថា តេីនរណាអាចដោះស្រាយសង្គ្រាមរុស្ស៉ីបានល្អបំផុតនៅអ៊ុយក្រែន លោកត្រាំ ទទួលបាន ៥០ភាគរយនាំមុខលោកស្រី ហារីស ដែលទទួលបាន ៣៩ភាគរយ ហេីយថាតេីនរណាដែលស័ក្តិសមជាងក្នុងការដោះស្រាយសង្រ្គាមអ៉ីស្រាអែល និងក្រុមហាម៉ាស លោក ត្រាំ ទទួលបាន ៤៨ភាគរយ ខណ:លោកស្រី ហារីស ទទួលបាន ៣៣ភាគរយ នៅក្នុងរដ្ឋទាំង ៧ខាងលេីនេះ។
គួរបញ្ជាក់ថា ការគាំទ្រនៅក្នុងរដ្ឋធំៗទាំង ៧ ដែលបង្ហាញក្នុងការស្ទង់មតិកាលពីថ្ងៃសុក្រសប្តាហ៍នេះ សម្រាប់ លោកស្រី ហារីស និង លោក ត្រាំ អាចជាការទស្សន៍ទាយមុនសម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា។ វាក៏ឆ្លុះបញ្ចាំងផងដែរអំពីការប្រណាំងប្រជែងដ៏តឹងរ៉ឹង ខណៈប្រជាជនអាមេរិក កំពុងជួបបញ្ហាសេដ្ឋកិច្ច អន្តោប្រវេសន៍ សិទ្ធិស្ត្រី និង តម្លៃនៃប្រជាធិបតេយ្យរបស់ប្រទេស៕