(ហ្កាហ្សា)៖ ក្រុមគ្រូពេទ្យ បាននិយាយនៅថ្ងៃសៅរ៍ ទី១២ ខែតុលានេះថា ការវាយប្រហារពេញមួយយប់របស់យោធាអ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១៩នាក់ទៀតនៅក្នុងតំបន់ហ្កាហ្សា ខណៈកងរថក្រោះបន្តរុញច្រានចូលកាន់តែជ្រៅទៅក្នុងទីក្រុង Jabalia ជាកន្លែងដែលភ្នាក់ងារផ្តល់ជំនួយអន្តរជាតិនិយាយថា មនុស្សរាប់ពាន់នាក់ត្រូវជាប់គាំង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកស្រុកនិយាយថា កងកម្លាំងអ៉ីស្រាអែល បានបន្តការវាយលុកទាំងជេីងគោក និងពីលេីអាកាសមកទីក្រុងJabalia ដែលស្ថិតនៅភាគខាងជេីងនៃជំរំជនជនភៀសខ្លួន។ មិនមានការអត្ថាធិប្បាយណាមួយពីអ៉ីស្រាអែលទេ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុនយោធានិយាយថា កងកម្លាំងរបស់ខ្លួនដែលកំពុងប្រតិបត្តិការនៅ Jabalia និងតំបន់ក្បែរនោះ បានសម្លាប់ក្រុមសកម្មប្រយុទ្ធជាច្រេីននាក់ ទីតាំងអាវុធ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធា។ ប្រតិបត្តិការនេះចាប់ផ្តើមកាលពីមួយសប្តាហ៍មុន ហើយគោលបំណងគឺប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស ដែលធ្វើការវាយប្រហារចេញពីទីនោះ និងដើម្បីការពារក្រុមហាម៉ាសពីការប្រមូលផ្តុំកម្លាំងឡើងវិញ។
គួរបញ្ជាក់ថា តាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន មួយសប្តាហ៍កន្លងមកនេះ មនុស្សស្លាប់ក្នុងទីក្រុង Jabalia មានប្រហែល ១៥០នាក់៕