(វ៉ាសូវី)៖ ប្រទេសប៉ូឡូញ គ្រោងផ្អាកជាបណ្តោះអាសន្ននូវការផ្តល់សិទ្ធិជ្រកកោន ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណត់ការធ្វើចំណាកស្រុកខុសច្បាប់ ចំពោះមុខភាពតានតឹងជាមួយប្រទេសបេឡារុស ដែលខ្លួនចោទថាមានចេតនាបទបញ្ជូនជនចំណាកស្រុកឆ្លងកាត់ព្រំដែន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ ២០២៤។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ធាតុផ្សំមួយនៃយុទ្ធសាស្ត្រទប់ស្កាត់ការធ្វើចំណាកស្រុក នោះគឺការព្យួរសិទ្ធិជ្រកកោណបណ្តោះអាសន្ន។ លោកបានប្រាប់សមាជរៀបចំដោយសម្ព័ន្ធ Civic Coalition (KO) ដែលក្រុមនៃរដ្ឋាភិបាលចម្រុះរបស់ប្រទេសប៉ូឡូញថា លោកនឹងទាមទារឱ្យមានការទទួលស្គាល់ នៅអឺរ៉ុប ចំពោះការសម្រេចចិត្តនេះ។
តាមលោក Tusk សិទ្ធិជ្រកកោនកំពុងត្រូវបានប្រើប្រាស់ដោយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងអ្នករត់ពន្ធមនុស្ស តាមរបៀបដែលផ្ទុយនឹងខ្លឹមសារនៃសិទ្ធិជ្រកកោណ។ ប៉ុន្តែ រុស្ស៉ីបានបដិសេធ។
គួរបញ្ជាក់ថា បញ្ហាចំណាកស្រុកក្នុងកម្រិតខ្ពស់ មាននៅក្នុងរបៀបវារៈរបស់ប៉ូឡូញចាប់តាំងពីឆ្នាំ ២០២១មកម្ល៉េះ នៅពេលដែលមនុស្សមួយភាគច្រើន មកពីតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក ព្យាយាមឆ្លងកាត់តាមព្រំដែនបេឡារុសដោយខុសច្បាប់ ខណៈប៉ូឡូញ ក៏ដូចជាសហភាពអឺរ៉ុប ចាត់ទុកថាវាជាវិបត្តិរៀបចំឡេីងដោយទីក្រុងមីនស្ក៍ និងទីក្រុងមូស្គូ៕