(បេរូត)៖ មកទល់នឹងថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ ២០២៤យោធាអ៉ីស្រាអែលបានបញ្ជាឱ្យប្រជាជនក្នុងភូមិចំនួន ២៣ នៅភាគខាងត្បូងនៃប្រទេសលីបង់ ជម្លៀសខ្លួនទៅកាន់តំបន់ភាគខាងជើងទន្លេ Awali ដែលហូរចេញពីជ្រលងភ្នំ Bekaa ភាគខាងលិច ចូលទៅសមុទ្រមេឌីទែរ៉ាណេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្តីថ្លែងការណ៍របស់យោធាអ៉ីស្រាអែល បានលេីកអំពីភូមិនៅភាគខាងត្បូងលីបង់ ដែលជាគោលដៅនៃការវាយប្រហាររបស់ខ្លួន នាពេលថ្មីៗនេះ និងដែលភាគច្រើនស្ទើរតែគ្មានមនុស្ស ហើយថាការជម្លៀសខ្លួន គឺជារឿងសម្រាប់សុវត្ថិភាពរបស់អ្នកស្រុក។ យោធានិយាយថាមានការកើនឡើងនូវសកម្មភាពរបស់ក្រុមហេសបូឡា។ ក្រុមនេះកំពុងប្រើប្រាស់ទីតាំងដើម្បីលាក់អាវុធ និងបើកការវាយប្រហារមកលេីអ៉ីស្រាអែល។ ប៉ុន្តែចលនាប្រដាប់អាវុធមួយនេះ បដិសេធលាក់អាវុធក្នុងចំណោមជនស៉ីវិល។
គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៉ីស្រាអែល គឺកាន់តែខ្លាំងឡើងនៅភាគខាងត្បូងលីបង់ ជ្រលង Bekaa និងជាយក្រុងបេរូតភាគខាងត្បូង ដោយបេីតាមរដ្ឋាភិបាលលីបង់ មនុស្សប្រមាណ ១.២លាននាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញាមក៕