(យូអិន)៖ ប្រទេសជិត ៤០ រួមមានទាំងកម្ពុជា ដែលបានបញ្ជូនកងទ័ពមួកខៀវទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសលីបង់ បាននិយាយ កាលពីថ្ងៃសៅរ៍ ទី១២ ខែតុលាថាពួកគេថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារថ្មីៗនេះលើកងកម្លាំងរក្សាសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
សេចក្ដីថ្លែងការណ៍រួមមួយត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ដោយបេសកកម្មប៉ូឡូញប្រចាំ UN និងត្រូវបានចុះហត្ថលេខាដោយប្រទេសជាច្រើនក្នុងនោះរួមមាន ទាំងប្រទេសបញ្ជូនទ័ពមួកខៀវច្រើនជាងគេ ដូចជាឥណ្ឌូណេស៊ី អ៉ីតាលី និងឥណ្ឌា បានគូសបញ្ជាក់ដូច្នេះថា «សកម្មភាពបែបនេះ (ការវាយប្រហារ) ត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយគួរតែមានការស៊ើបអង្កេតមួយយ៉ាងពេញលេញ»។ សេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមថា ប្រទេសជិត ៤០ ដែលបានចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពនៅលីបង់ ឬហៅកាត់ថា UNIFIL នៅតែបន្តគាំទ្រពេញទំហឹងដល់កិច្ចការគំាទ្រសម្រាប់បេសកកម្មរបស់ UNIFIL និងសកម្មភាពទាំងឡាយដែលមានគោលដៅចម្បងក្នុងនំាមកនូវស្ថិរភាព និងសន្តិភាពយូរអង្វែងនៅភាគខាងត្បូងលីបង់ រួមទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានកងកម្លាំងរក្សាសន្តិភាពយ៉ាងហោច ៥នាក់ បានរងរបួស ខណៈអ៉ីស្រាអែលកំពុងពង្រីកប្រតិបត្តិការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់។ UNIFIL បានចោទប្រកាន់យោធាអ៉ីស្រាអែលថាមានចេតនាវាយប្រហារលើទីតាំងឈរជើងរបស់ UNIFIL។ UNIFI មានកងទ័ព ៩៥០០នាក់មកពី ប្រទេសចំនួន៥០ ដែលមានភារកិច្ចតាមដានការអនុវត្តបទឈប់បាញ់ដែលបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងហេសបូឡា កាលពីឆ្នាំ២០០៦។
ខាងក្រោមនេះជាឈ្មោះប្រទេសដែលបានថ្កោលទោសការវាយប្រហារលើកងទ័ពមួកខៀវ នៅលីបង់៖
1. Armenia
2. Austria
3. Bangladesh
4. Brazil
5. Cambodia
6. China
7. Cyprus
8. El Salvador
9. Estonia
10. Fiji
11. Finland
12. France
13. Ghana
14. Guatemala
15. Hungary
16. Indonesia
17. Ireland
18. Italy
19. Kazakhstan
20. Republic of Korea
21. Latvia
22. Malaysia
23. Malta
24. Mongolia
25. Nepal
26. Netherlands
27. Poland
28. Qatar
29. Sierra Leone
30. Spain
31. Sri Lanka
32. Tanzania
33. Turkey
34. United Kingdom
35. Germany
36. Peru
37. Uruguay