(ប៉េកាំង)៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គឺជាកម្មវិធីដ៏ធំមួយដែលបានបើកដំណើរការដោយរដ្ឋាភិបាលចិននៅឆ្នាំ២០១៣ ដោយមានគោលដៅជាច្រើន៖ ដើម្បីជម្នះនូវសមត្ថភាពលើសលប់ ក្នុងស្រុក វិស័យឧស្សាហកម្មជាច្រើនតាមរយៈ ការពង្រីកទីផ្សារបរទេស គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចរបស់ចិន ពីគំរូដឹកនាំ ទៅជាសេដ្ឋកិច្ចដែលមានមូលដ្ឋាន លើការប្រើប្រាស់និងដើម្បីលើកកំពស់សន្តិសុខ នៃផ្លូវពាណិជ្ជកម្ម ជាពិសេសថាមពលផលិតផល។ វាត្រូវបានផ្តោតជាពិសេសទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
បច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវនេះ បានចងភ្ជាប់ទីផ្សារ ទៅនឹងទីតាំងរោងចក្រផលិតកម្ម ដែលជាច្រកទំនាក់ទំនង ពីផលិតកម្មទៅកាន់កន្លែងផ្គត់ផ្គង់វត្ថុធាតុដើម និង ទៅកាន់ទីផ្សារនិងអ្នកប្រើប្រាស់ ដែលត្រូវមើលឃើញក្នុងកម្រិតម៉ាក្រូ គឺជាការបង្កើតទំនាក់ទំនងរវាងប្រទេសផ្គត់ផ្គង់វត្ថុធាតុដើម ប្រទេសផលិត និង ប្រទេសអ្នកទិញ ដែលបានផ្តល់សារសំខាន់ យ៉ាងមហិមាដល់ផលប្រយោជន៍សេដ្ឋកិច្ចជាសាកល ។ ទោះបីជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ត្រូវបានកោតសរសើរជាប្រវត្តិសាស្ត្រ ជាពិសេសការតភ្ជាប់ទៅកាន់របស់ទី្វបអឺរ៉ុប និង ធ្វើឱ្យមានពហុភាគីនិយម ប្រឆាំងនឹងការផ្តួចផ្តើមដែលមានលក្ខណៈបិទនិងប្រកួតប្រជែងឆ្ពោះទៅរកតំបន់និយម ។ ការតភ្ជាប់ផ្លូវសូត្រ និង ផ្លូវសូត្រសមុត្របានធ្វើឱ្យសេដ្ឋកិច្ចសាកលលោកមានការកើនឡើង ជាពិសេសនៅតំបន់អាស៊ី និង តំបន់អឺរ៉ុប រហូតមកដល់ចុងឆ្នាំ២០១៩។
គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានលោកប្រធានរដ្ឋចិន ស៊ី ជិនពីង ដាក់ចេញនៅឆ្នាំ២០១៣ និងបានក្លាយជាវេទិកា កិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ធំមួយ ព្រោះមានប្រទេសចូលរួម ជាច្រើន ។ ជារឿងពិតមិនអាចប្រកែកបាន គំនិតផ្ដួចផ្ដើមនេះធ្វើឱ្យសាធារណៈរដ្ឋប្រជាមានិតចិនលេចមុខលេចមាត់លើឆាកអន្តរជាតិ និងមានឥទ្ធិពលកាន់តែខ្លាំង ក្នុងការបង្វែរទិស នៃសណ្តាប់ធ្នាប់ពិភពលោក ព្រមទាំងការគូសបន្ទាត់សេដ្ឋកិច្ចពិភពលោកថ្មី ជំនួសឱ្យបន្ទាត់ចាស់ ដែលគូសដោយលោកខាងលិចរាប់ទសវត្សមកហើយ ដែលបានបង្កើតឥទ្ធិពលរបស់ចិន នៅលើសាកលលោក ជាពិសេសក្នុងចំណោមប្រទេសក្រីក្រនៅអាស៊ី និងអាហ្វ្រិក ដែលត្រូវការមូលធនដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនផង។
ក្នុងរយៈពេលជាងមួយទសវត្សនេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់តំបន់ និងពិភពលោក តាមរយៈការផ្តល់ហិរញ្ញប្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ មជ្ឈមណ្ឌលភស្តុភារកម្មដែលទាំងអស់នេះ សុទ្ធតែជាឆ្អឹងកងខ្នងដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូចសុភាសិតខ្មែរលើកឡើងថា “ទីណាមានផ្លូវ ទីនោះមានសង្ឃឹម” ដែលជាក្តីសង្ឃឹមការអភិវឌ្ឍសេដ្ឋកិច្ច។ សម្រាប់ប្រទេស កំពុងអភិវឌ្ឍន៍ កង្វះខាតទុនសម្រាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាឧបសគ្គមួយដ៏ធំ ដែលបានបង្កការរាំងស្ទះដល់ ការអភិវឌ្ឍស្ទើរគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច-សង្គម ។
ប៉ុន្តែកិច្ចសហប្រតិបត្តការ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានផ្តល់ពន្លឺនៃក្តីសង្ឃឹមថ្មី និងកាលានុវត្តភាពមិនធ្លាប់មាន ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការដោះស្រាយឱនភាពថវិកា និង អាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ ។ ការពិតមួយក្នុងចំណោមការពិតនានានោះគឺថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវមិនត្រឹមតែជួយធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនោះទេ តែថែមទាំងជួយឱ្យប្រទេសកំពុងអភិវឌ្ឍន៍ អាចបង្កើនភាពប្រកួតប្រជែង និង ពង្រីកទីផ្សារផលិតផលរបស់ខ្លួន ទៅក្នុងតំបន់ និង ពិភពលោក ។
តួយ៉ាង ដូចជាគម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដែលជាគម្រោងសំខាន់មួយរបស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ បានជំរុញការតភ្ជាប់រវាងចិន និង ប៉ាគីស្ថាន ឱ្យកាន់តែខិតជិតគ្នា និង បានបង្កើនសកម្មភាពសេដ្ឋកិច្ចយ៉ាងផុសផុលក្នុងតំបន់។ ចំពោះអាស៊ាន គម្រោងផ្លូវដែកតភ្ជាប់ចិនមកកាន់កម្ពុជា ដោយឆ្លងកាត់ឡាវ និង ថៃ កំពុងដំណើរការដោយរលូន ខណៈគម្រោងផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវដែកល្បឿនលឿន Jakarta-Bandung បានបញ្ចប់ ការសាងសង់ដោយជោគជ័យ។ ជាមួយគ្នានេះដែរ គម្រោងច្រករបៀងមច្ឆានិងអង្ករ ដែលកំពុងតែរៀបចំឡើង មានទីតាំង នៅភាគពាយព្យនៃប្រទេសកម្ពុជានិងនៅតំបន់បឹងទន្លេសាប អភិវឌ្ឍកសិកម្មអេកូឡូស៊ីទំនើប នៅក្បែរបឹងទន្លេសាប ព្រមទាំងពន្លឿនការធ្វើផែនការអភិវឌ្ឍន៍កសិកម្មទំនើបរបស់កម្ពុជា ពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និងគាំទ្រការលើកកម្ពស់លើ វិស័យវារីវប្បកម្ម ចម្ការត្រូពិក និងវិស័យសក្តានុពលផ្សេងទៀតរបស់កម្ពុជា។
គម្រោងទាំងនេះ មិនមែនជាគម្រោងតំណាងមានតែលើក្រដាសទេ ប៉ុន្តែគឺជាគម្រោងជាក់ស្តែង ដែលលេចចេញជារូបរាងឡើង និងបានជំរុញដល់ការបង្កើនការងារក្នុងស្រុក កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ។ ទោះបីជាមានការលាបពណ៍ និងការវិភាគដោយពុំមានភាពយុត្តិធម៌ពីសំណាក់ប្រទេសមួយចំនួនក្តី គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ខណៈឈានចូលអាយុកាល ១១ ឆ្នាំ នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល។ ក្នុងយុគសម័យថ្មីនេះ គោលគំនិតនៃការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់ ត្រូវបានដាក់បញ្ចូលនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់តំបន់ និងសម្រាប់ពិភពលោក។
តាមរបាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា ការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» បានញ៉ាំងឱ្យទំហំពាណិជ្ជកម្ម នៃភាគីចូលរួមកើនឡើង ៤,១% ការបណ្តាក់ទុនពីបរទេសកើនឡើង ៥% និងធ្វើឱ្យផលិតផលក្នុងស្រុកសរុប ( GDP ) នៃប្រទេសមានចំណូលទាបកើនឡើង ៣,៤% ។ របាយការណ៍ឱ្យដឹងទៀតថា អនុបាតនៃ GDP របស់អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មី និងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍បានកើនឡើង ៣,៦% នៃទំហំ GDP សរុបរបស់ពិភពលោកក្នុងចន្លោះពីឆ្នាំ ២០១២-២០២១ ដោយសារទទួលបានអំណោយផលពី ការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ ។ តាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក គិតត្រឹមឆ្នាំ២០៣០ ការរួមគ្នាកសាងនេះនឹងហុចផលសេដ្ឋកិច្ចទំហំ ១,៦ ទ្រីលានដុល្លារអាមេរិក សម្រាប់ពិភពលោកជារៀងរាល់ឆ្នាំ ដែលត្រូវជា ១,៣% នៃទំហំ GDP របស់ពិភពលោក ពិសេសក្នុងចន្លោះឆ្នាំ ២០១៥-២០៣០ នឹងមានជនក្រីក្រ ៧,៦ លាននាក់ចេញផុតពីភាពក្រីក្រដាច់ខាត និង ៣២ លាននាក់ចេញផុតពីភាពក្រីក្រមធ្យម។
សរុបមក ទោះបីស្ថានការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី គំនិតផ្តួចផ្តើមខ្សែ ក្រវាត់ និងផ្លូវ នៅតែជាគម្រោង នៃកិច្ចសហប្រតិបត្តិការលេចធ្លោជាងគេមួយក្នុងពិភពលោក ដែលអាចចាត់ទុកថាជា គំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការតភ្ជាប់ និង ការអភិវឌ្ឍក្នុងតំបន់និងពិភពលោក ក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នា៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា