(ហ្គាហ្សា)៖ សមាជិកនៃគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលត្រូវបានគេជូនដំណឹងថា មេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar ដែលជាមេខ្លោងនៃការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបង្កឱ្យមានសង្រ្គាមហ្គាហ្សា ទំនងជាបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
យោធាអ៊ីស្រាអែលកំពុងតែស៊ើបអង្កេតព័ត៌មាននេះ ដោយសង្ស័យថា លោក Sinwar ដែលជាមេដឹកនាំសកម្មប្រយុទ្ធ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅតំបន់ហ្គាហ្សា។ ទូរទស្សន៍អ៊ីស្រាអែលក៏បានរាយការណ៍ដែរថា មេដឹកនាំហាម៉ាស់រូបនេះបានស្លាប់ដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីក្រុមហាម៉ាស់នៅឡើយទេ។
ប្រសិនបើព័ត៌មាននេះត្រូវបានបញ្ជាក់ នោះវានឹងជាជោគជ័យដ៏ធំមួយសម្រាប់អ៊ីស្រាអែល និងនាយករដ្ឋមន្ត្រី Benjamin Netanyahu នៅក្នុងសង្រ្គាមដ៏រ៉ាំរ៉ៃនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែលបានបើការវាយឆ្មក់ដ៏ធំមួយទៅលើជម្រកមួយនៅភាគខាងជើងហ្គាហ្សាស្ទ្រីប ដែលមន្ត្រីក្រសួងសុខាភិបាលហ្គាហ្សាបានអះអាងថា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៨នាក់ រួមទាំងកុមារផងដែរ៕