(បេរូត)៖ អ្នកស្រុករាប់រយនាក់ នៅក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ បាននាំគ្នាចាកចេញពីផ្ទះសម្បែង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីអ៉ីស្រាអែលប្រកាសថា ខ្លួនកំពុងរៀបចំវាយប្រហារលើ​ទីតាំង​ ដែលក្រុមហេសបូឡា អាចប្រើប្រាស់សម្រាប់ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ហើយ​ប្រាប់ឱ្យ​ប្រជាជន​ចាក​ចេញ​ពី​តំបន់​ទាំង​នោះ​ ជា​បន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤។

ភ្លាមៗ ក្រោយអ៉ីស្រាអែល​ ព្រមានបែបនេះ ការផ្ទុះ និងឆាបឆេះបានកើតឡើង នៅជាយក្រុងបេរូត ភាគខាងត្បូង។ ប៉ុន្តែមិន​ទាន់​មាន​ព័ត៌មាន​អំពី​មូលហេតុ​នៃ​ការ​ផ្ទុះ ឬ​ព័ត៌មាន​លម្អិត​នៃ​អ្នករងគ្រោះនៅឡើយទេ។ សាក្សីនិយាយថា អ្នកភ័យស្លន់ស្លោបាននាំគ្នារត់គេច បណ្តាលឱ្យកកស្ទះចរាចរណ៍ នៅផ្នែកខ្លះនៃទីក្រុងបេរូត ខណៈពួកគេព្យាយាមធ្វើដំណើរទៅកាន់សង្កាត់ផ្សេងៗ ដែលខ្លួនគិតថាមានសុវត្ថិភាព។

ធនាគារ Al-Qard al-Hassan ដែលសហរដ្ឋអាមេរិកថា ក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ ប្រើប្រាស់សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន មានសាខាច្រើនជាង ៣០កន្លែងនៅទូទាំងលីបង់ ក្នុងនោះ ១៥សាខា ស្ថិតនៅតំបន់ដែលមានប្រជាជនច្រើន នៃផ្នែកកណ្តាល និងជាយក្រុងបេរូត។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល បានជូនដំណឹងដល់ប្រជាជនលីបង់ អំពីការចាប់ផ្តើមវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់ធនាគារ Al-Qard Al-Hassan ហើយអំពាវឱ្យពួកគេចាកចេញពីទីតាំងអស់នោះ។ ដោយឡែក ក្រុមហេសបូឡា ក៏ដូចជារដ្ឋាភិបាលលីបង់ មិនបានចេញសេចក្តីថ្លែងការណ៍ណាមួយទេ៕