(ប៉េកាំង)៖ នារសៀលថ្ងៃទី២៨ ខែតុលា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំសិក្សាលើកទី១៧ ស្តីពីការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌។
ពេលអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ថា ត្រូវផ្តោតសំខាន់លើ ការសម្រេចគោលដៅយុទ្ធសាស្ត្រនៃការកសាង ប្រទេសខ្លាំងក្លាខាងវប្បធម៌នៅឆ្នាំ ២០៣៥ ដោយប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្សនិយម ដែលជាគោលគំនិតណែនាំជាមូលដ្ឋានឱ្យចាក់ឫសជ្រៅចូល ក្នុងអរិយធម៌ចិនដ៏ធំទូលាយនិងជ្រាលជ្រៅ សម្របតាមនិន្នាការអភិវឌ្ឍន៍ នៃបច្ចេកវិទ្យាព័ត៌មាន និងបន្តអភិវឌ្ឍវប្បធម៌សង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី ដែលមានកម្លាំងណែនាំខាងគំនិត កម្លាំងរួបរួមខាងវិញ្ញាណ កម្លាំងទាក់ទាញខាងគុណតម្លៃ និងឥទ្ធិពលអន្តរជាតិ បន្តពង្រឹងកម្លាំងវិញ្ញាណរបស់ប្រជាជន និងកសាងមូលដ្ឋានគ្រឹះ វប្បធម៌ដ៏រឹងមាំ សម្រាប់ជំរុញការកសាងប្រទេសខ្លាំងក្លា និងស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ។
លោក Xi Jinping បានថ្លែងបន្តថា យើងត្រូវតែដើរតាមមាគ៌ានៃការអភិវឌ្ឍវប្បធម៌សង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន។ ត្រូវផ្តោតសំខាន់លើការបំផុសកម្លាំងរបស់ប្រជាជាតិទាំងមូល ក្នុងការច្នៃប្រឌិត និងបង្កើតវប្បធម៌។ ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការតម្កល់ទុកប្រជាជនជាអាទិភាព ក្នុងខណៈពេលកសាងវប្បធម៌។ ត្រូវបន្តវេនវប្បធម៌ចិនក្នុងខណៈពេលផ្លាស់ប្តូរដោយប្រឌិតញាណ និងអភិវឌ្ឍដោយភាពច្នៃប្រឌិតថ្មី។ ត្រូវបន្តពង្រឹងកម្លាំងវប្បធម៌ ជាក់ស្តែងរបស់ប្រទេសជាតិ និងឥទ្ធិពលនៃវប្បធម៌ចិន។ ការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ គឺជាភារកិច្ចរួមរបស់បក្ស និងសង្គមទាំងមូល៕
វិទ្យុមិត្តភាពកម្ពុជាចិន