(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួន និងស្ថាប័នចារកម្មអាមេរិកនិងលោកខាងលិច បានឃោសនាបំប៉ោងម្តងទៀត នូវការលាបពណ៌ អ្វីដែលហៅថា “រងការគំរាមកំហែងដោយចារកម្មពីចិន” ហើយមួលបង្កាច់ថា “ ពួក Hacker របស់ចិនបានវាយលុកលើបណ្តាញទូរគមនាគមន៍របស់អាមេរិក” ជាដើម ក្នុងន័យបំផុសការវាយប្រហារ ដោយមតិសាធារណៈតាមរយៈព័ត៌មានមិនពិត។

តាមពិតទៅ នេះមិនមែនជាលើកទីមួយឡើយ ដែលអាមេរិកទម្លាក់បទល្មើសស្ដីពី “ការគំរាមកំហែងដោយចារកម្ម” ឱ្យប្រទេសចិន ។ ជាពិសេសនៅឆ្នាំ២០១៨ ដើម្បីស្របតាមគោលនយោបាយ របស់រដ្ឋាភិបាលអាមេរិក ស្តីពីការទប់ស្កាត់ប្រទេសចិន ដោយគ្រប់ជ្រុងជ្រោយ ក្រសួងយុត្តិធម៌អាមេរិកបានចាប់ដំណើរការនូវ “ផែនការប្រតិបតិ្តចំពោះចិន” អាមេរិកបានចាប់ខ្លួនអ្នកជំនាញ និងបញ្ញវន្តជនជាតិចិនជាច្រើនរូបជាបន្តបន្ទាប់ ដោយប្រើមធ្យោបាយដូចជា “ការអនុវត្តច្បាប់តាមរយៈការដាក់អន្ទាក់ ឱ្យប្រពឹត្តិខុស” ជាដើម ហើយប្រឌិតអ្វីដែលហៅថា “សំណុំរឿងចារកម្មចិន”ជាច្រើនលើក ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការរវាងចិននិងអាមេរិក។

ដោយសារគ្មានភស្តុតាង និងរងការប្រឆាំងយ៉ាងខ្លាំងក្លាពីមជ្ឈដ្ឋានសិក្សាស្រាវជ្រាវរបស់អាមេរិក បានជានៅឆ្នាំ២០២២ ក្រសួងយុត្តិធម៌អាមេរិកត្រូវបង្ខំចិត្តប្រកាសថា បញ្ឈប់ការអនុវត្តផែនការនេះ។ ប៉ុន្តែ នៅខែកញ្ញាឆ្នាំនេះ សភាតំណាងរាស្រ្តអាមេរិក បានអនុម័តសេចកី្តព្រាងច្បាប់មួយដែលលើកឡើងដោយលោក Lance Gooden សមាជិកសភាតំណាងរាស្ត្ររបស់ បក្សសាធារណរដ្ឋនៃរដ្ឋ Texas ដោយប្រកាសថា នឹងទប់ស្កាត់ “សកម្មភាពចារកម្ម” នៅតាមស្ថាប័នកម្មសិទ្ធិបញ្ញា និងសិក្សាស្រាវជ្រាវរបស់អាមេរិក ប៉ុនប៉ងស្តារឡើងវិញនូវ “ផែនការប្រតិបតិ្តចំពោះចិន”។ ទង្វើទាំងនេះបានបង្ហាញថា អ្នកនយោបាយអាមេរិកមួយចំនួន បានចាត់ទុកការប្រឆាំងប្រទេសចិន ជា “ថ្នូរ” នយោបាយ ដែលបានប្រឌិតបទល្មើសក្លែងក្លាយ ក្នុងន័យបង្កបង្កើតបរិយាកាសបដិបក្ខគ្នា ជាមួយចិនក្នុងស្រុកជាបន្តបន្ទាប់ បណ្តាលឱ្យជនឥតទោសពៃរ៍ក្លាយជា គ្រឿងបូជាខាងនយោបាយ។

នៅពីក្រោយឈុតឆាកខាងនយោបាយគ្រប់បែបយ៉ាង តើប្រទេសណាជា “អាណាចក្រ Hacker ”ពិតប្រាកដ ? តើអ្នកណាបាននិងកំពុងធ្វើសកម្មភាព “ចារកម្ម”នៅទូទាំងពិភពលោក ? អ្នកផងទាំងពួងបានដឹងច្បាស់រួចទៅហើយ ។ ក្នុងរយៈពេលជាយូរកន្លងមក ស្ថាប័នចារកម្មអាមេរិក បានបង្កើតបណ្តាញចារកម្មយ៉ាងទូលំទូលាយ នៅពិភពលោកទាំងមូល ដើម្បីញុះញង់ឱ្យបុគ្គលិករបស់ប្រទេសដទៃទៀតក្បត់ជាតិ លួចយកការណ៍សម្ងាត់របស់ប្រទេសដទៃទៀត ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀត ធ្វើវិទ្ធង្សនារដ្ឋអំណាចប្រទេសដទៃទៀត ប្រការទាំងនេះលែងជារឿងសម្ងាត់ទៀតហើយ។

យោងតាមការស៊ើបអង្កេតពាក់ព័ន្ធ អាមេរិកបានក្តាប់ជាប់ “ចំណុចគន្លឹះ”នៅទូទាំងពិភពលោករបស់ខ្សែកាបអុបទិក ក្រោមបាតមហាសមុទ្រអាត្លង់ទិច និងមហាសមុទ្រប៉ាស៊ីហ្វិក បានបង្កើតស្ថាន័យឈ្លបយកការណ៍ ថ្នាក់ជាតិចំនួន៧កន្លែង ហើយបានធ្វើកិច្ចសហប្រតិបតិ្តការ ជាមួយប្រទេសផ្សេងទៀត ដើម្បីធ្វើការវិភាគនិងលួចយក ទិន្នន័យក្នុងខ្សែកាបអុកទិក ។

ក្នុងនោះ ប្រទេសចិនជាគោលដៅ និងជនរងគ្រោះដ៏សំខាន់ក្នុងសកម្មភាព “លួចការណ៍សម្ងាត់តាមបណ្តាញអ៊ីនធើណេត”របស់អាមេរិក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថាប័នចិន ដូចជាសាកលវិទ្យាល័យឧស្សាហកម្ម នៅតំបន់ភាគពាយ័ព្យនៃប្រទេសចិន និងមជ្ឈមណ្ឌលស្ទង់ពិនិត្យគ្រោះរញ្ជួយដី នៃក្រុងអ៊ូហានជាដើម បានរងការវាយប្រហារពីអង្គការ Hacker ក្រៅប្រទេសជាច្រើនលើក។ តាមរយៈការស៊ើបអង្កេតរបស់ចិនបានរកឃើញថា អ្នកបង្កការវាយប្រហារសុទ្ធតែ មានទំនាក់ទំនងជាមួយស្ថាប័នសន្តិសុខអាមេរិក។

នាពេលថ្មីៗកន្លងទៅនេះ របាយការណ៍ដែលចេញផ្សាយដោយស្ថាប័នចិន ដូចជាមជ្ឈមណ្ឌលជាតិដោះស្រាយវីរុសកុំព្យូទ័រ ជាបន្ទាន់របស់ចិនជាដើមក៏បានបញ្ជាក់ពីករណីនេះផងដែរ ។ របាយការណ៍បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេលយូរ រដ្ឋាភិបាលសហរដ្ឋអាមេរិក ស្ថាប័នស៊ើបការណ៍អាមេរិក និងរដ្ឋសមាជិក “សម្ព័ន្ធភ្នែកប្រាំ”ឈ្លបយកការណ៍ពី អ្នកប្រើប្រាស់ទូរគមនាគមន៍និងបណ្តាញអ៊ីនធឺណែត នៅទូទាំងពិភពលោកក្នុងកម្រិតដូចគ្នា ព្រមទាំងបានអនុវត្តសកម្មភាព “ព្យុះទីហ្វុង Volt ”ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ផ្សំគំនិតគ្នាបោកបញ្ឆោតសមាជិករដ្ឋសភា និងអ្នកជាប់ពន្ធរបស់អាមេរិក ដើម្បីទទួលបានការគាំទ្រខាងផ្លូវច្បាប់និងថវិកា។

ការពិតជាក់ស្តែងច្បាស់នឹងភ្នែក ហើយក៏មានភស្តុតាងស្រស់ៗដែរ។ មិនថាអាមេរិកឃោសនាបំប៉ោងពីអ្វីដែលហៅថា “ចារកម្មចិន”ដល់កម្រិតណាក៏ដោយ ក៏មិនអាចបិទបាំងធាតុពិត របស់សកម្មភាពអាមេរិក ដែលមួលបង្កាច់ និងទម្លាក់កំហុសឱ្យគេឡើយ។ ផ្ទុយទៅវិញ ទង្វើទាំងនេះបានលាតត្រដាង នូវមុខមាត់ពិតរបស់អាមេរិកដែលជា “អាណាចក្រ Hacker” ឱ្យកាន់តែច្បាស់ក្រឡែត ក៏ថែមទាំងធ្វើឱ្យកិត្តិនាមអាមេរិក ដួលរលំយ៉ាងឆាប់ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន