(ម៉ានីល)៖ ប៉ូលិសហ្វីលីពីន បានប្រកាសថា ពួកគេនឹងស៊ើបអង្កេតជុំវិញការលាតត្រដាងរបស់ អតីតប្រធានាធិបតី Rodrigo Duterte អំពី «ក្រុមមរណៈ» ដែលលោកបានបង្កើតឡើង កាលពីលោកនៅជាអភិបាលក្រុង Davao។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។
លោក Duterte បានសារភាពថា លោកបានប្រើប្រាស់ក្រុមនេះដើម្បីសម្លាប់ជនសង្ស័យ ក្នុងអំឡុងពេលលោកធ្វើជាអភិបាលក្រុង។
អ្នកនាំពាក្យប៉ូលិស បាននិយាយថា ពួកគេនឹងស៊ើបអង្កេតការចោទប្រកាន់ទាំងនេះ ហើយនឹងមិនមានការលើកលែងសម្រាប់នរណាម្នាក់ឡើយ។ ក្រុមសិទ្ធិមនុស្សបានចងក្រងឯកសារអំពីការសម្លាប់ ដែលគួរឱ្យសង្ស័យចំនួន ១,៤០០ ករណីនៅទីក្រុង Davao ក្នុងអំឡុងពេល ដែលលោក Duterte ជាអភិបាលក្រុង។ អ្នករិះគន់បាននិយាយថា សង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក Duterte កាលពីលោកជាប្រធានាធិបតីក៏បានបណ្តាលឱ្យមានការសម្លាប់ក្រៅច្បាប់ជាច្រើនករណីផងដែរ។
ការស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីលោក Duterte បានចង្អុលទៅអតីតមន្ត្រីប៉ូលិសមួយចំនួនថាជាសមាជិកនៃ «ក្រុមមរណៈ» នេះ ក្នុងអំឡុងពេលសវនាការរបស់ព្រឹទ្ធសភា។ ក្រោយមក លោក Duterte បានបដិសេធការអះអាងនេះដោយនិយាយថា ក្រុមក្មេងទំនើង មិនមែនប៉ូលិសទេ។
គួរបញ្ជាក់ថា នៅពេលលោក Duterte ធ្វើជាប្រធានាធិបតី មានបុរសពីរនាក់រួមទាំងអតីតប៉ូលិសម្នាក់បានផ្តល់សក្ខីកម្ម នៅចំពោះមុខព្រឹទ្ធសភាថា ពួកគេជាផ្នែកមួយនៃក្រុមនៅទីក្រុង Davao ដែលបានសម្លាប់មនុស្ស តាមការបញ្ជារបស់លោក Duterte។ ទោះជាយ៉ាងណា សមាជិកសភានៅពេលនោះរកមិនឃើញភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់លោក Duterte នោះទេ៕