(ម៉ាពូតូ)៖ យ៉ាងហោចណាស់មនុស្ស ១០នាក់ ត្រូវបានបាញ់សម្លាប់ និង ៦៣នាក់ទៀត រងរបួស ក្នុងអំឡុងពេលបាតុកម្មតវ៉ាក្រោយការបោះឆ្នោត នៅក្នុងប្រទេសម៉ូសំប៊ិក កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
ការតវ៉ាទាំងនេះ បានកើតឡើងបន្ទាប់ពីគណបក្សកាន់អំណាច Frelimo ត្រូវបានប្រកាសថា បានឈ្នះការបោះឆ្នោត កាលពីថ្ងៃទី៩ ខែតុលា ដោយបន្តកាន់អំណាចរយៈពេល ៤៩ ឆ្នាំ។ បក្សប្រឆាំងនិងអ្នកសង្កេតការណ៍ បានចោទប្រកាន់ថា មានការកេងបន្លំក្នុងការបោះឆ្នោត។
ប៉ូលិស បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងដើម្បីបង្ក្រាបការតវ៉ា ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ រដ្ឋមន្រ្តីមហាផ្ទៃបាននិយាយថា ការតវ៉ាមានអំពើហិង្សា ដូច្នេះកងកម្លាំងសន្តិសុខត្រូវបានបង្ខំឱ្យស្តារសណ្តាប់ធ្នាប់ឡើងវិញ។
សេចក្តីថ្លែងការណ៍រួមពីសមាគមគ្រូពេទ្យនៃប្រទេសម៉ូសំប៊ិក បាននិយាយថា មានករណីបាញ់ប្រហារចំនួន៧៣ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ១០នាក់ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែតុលា។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបញ្ជាក់ថា មានមនុស្សស្លាប់១១ នាក់ និងមនុស្សជាង៥០នាក់រងរបួស ដោយគ្រាប់កាំភ្លើង។ អង្គការនេះបាននិយាយទៀតថា ចំនួនអ្នកស្លាប់និងរបួសពិតប្រាកដ អាចខ្ពស់ជាងនេះដោយសារមនុស្សជាច្រើន មិនបានទៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា ភាពតានតឹងកាន់តែកើនឡើង បន្ទាប់ពីមេធាវីនិងមន្ត្រីបក្សប្រឆាំងម្នាក់ ត្រូវបានគេបាញ់សម្លាប់ នៅក្នុងរថយន្តរបស់ពួកគេ បីថ្ងៃបន្ទាប់ពីការបោះឆ្នោត។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានការស៊ើបអង្កេតអំពីការសម្លាប់នេះ។ បេក្ខជនប្រធានាធិបតី ដែលចាញ់ឆ្នោត លោក Venancio Mondlane បានអំពាវនាវឱ្យមានបាតុកម្មបន្ថែមទៀតដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍៕