(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះបានសម្រេចដាក់ទណ្ឌកម្មលើអង្គភាពនិងបុគ្គលរាប់រយពីប្រទេសផ្សេងៗ ដើម្បីទប់ស្កាត់ការគេចវេសទណ្ឌកម្មដែលដាក់លើរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
ក្រសួងរតនាគារ និងក្រសួងការបរទេសអាមេរិក បានដាក់ទណ្ឌកម្មលើគោលដៅជិត ៤០០ មកពីប្រទេសចិន ហុងកុង ឥណ្ឌា រុស្ស៊ី អារ៉ាប់រួម តួកគី ថៃ ម៉ាឡេស៊ី ស្វីស និងប្រទេសដទៃទៀត។ ក្រុមហ៊ុនទាំងនោះត្រូវបានចោទប្រកាន់ថា បានផ្គត់ផ្គង់សម្ភារៈនិងបច្ចេកវិទ្យា ដល់រុស្ស៊ី ដែលអាចត្រូវបានប្រើប្រាស់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ ចំណាត់ការនេះគឺជាការបង្ក្រាបដ៏ធំបំផុតរហូតមកដល់ពេលនេះ ប្រឆាំងនឹងការគេចវេសទណ្ឌកម្មរបស់រុស្ស៊ី។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើគោលដៅចំនួន ២៧៤ ខណៈដែលក្រសួងការបរទេស បានកំណត់គោលដៅច្រើនជាង ១២០។ ក្រសួងពាណិជ្ជកម្មក៏បានបន្ថែមក្រុមហ៊ុននិងស្ថាប័នស្រាវជ្រាវ ចំនួន ៤០ ទៅក្នុងបញ្ជីរឹតបន្តឹងពាណិជ្ជកម្មផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងរតនាគារ បាននិយាយថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត នឹងបន្តចាត់វិធានការ ដើម្បីបញ្ឈប់លំហូរនៃសម្ភារៈនិងបច្ចេកវិទ្យា ដែលរុស្ស៊ីត្រូវការសម្រាប់សង្រ្គាមនៅអ៊ុយក្រែន។
មន្ត្រីអាមេរិកបាននិយាយថា សកម្មភាពនេះគឺដើម្បីបញ្ជូនសារដ៏ម៉ឺងម៉ាត់មួយ ទៅកាន់ប្រទេសទាំងអស់ដែលកំពុងជួយរុស្ស៊ីគេចវេសទណ្ឌកម្ម។ សហរដ្ឋអាមេរិក ប្តេជ្ញាប្រឆាំងនឹងការគេចវេសទណ្ឌកម្ម និងនឹងបន្តដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនដែលត្រូវបានដាក់ទណ្ឌកម្ម រួមមានក្រុមហ៊ុនឥណ្ឌាមួយ ដែលត្រូវបានចោទប្រកាន់ថា បានផ្គត់ផ្គង់គ្រឿងបន្លាស់ទៅឱ្យក្រុមហ៊ុនផលិតដ្រូនរបស់រុស្ស៊ី និងក្រុមហ៊ុនឥណ្ឌាមួយទៀត ដែលបាននាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសរុស្ស៊ី៕