(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស និងអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងត្រូវតតាំងគ្នានៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ នៅក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក រដ្ឋនីមួយៗក្នុងចំណោមរដ្ឋទាំង៥០ នឹងត្រូវរៀបចំការបោះឆ្នោតរៀងៗខ្លួន ដើម្បីជ្រើសរើស ប្រធានាធិបតី។ ដើម្បីក្លាយជាប្រធានាធិបតី លោកស្រី ហារីស ឬលោក ត្រាំ ត្រូវតែប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច ២៧០ ឡើងទៅ ក្នុងចំណោមអង្គបោះឆ្នោតទាំង៥៣៨រូប ខណៈថាតើនរណានឹងមានវាសនាដឹកនាំសេតវិមាននឹងត្រូវបានសម្រេចនៅក្នុងរដ្ឋសំខាន់ៗមួយចំនួនដែលគេហៅថា «swing states»។ ដូច្នេះអ្វីទៅជា swing states ហើយហេតុអ្វី រដ្ឋទាំងនេះជាអ្នកសម្រេចថាតើរវាងលោក ត្រាំ និងលោកស្រី ហារីស នរណាជាអ្នកឈ្នះ?
នៅសហរដ្ឋអាមេរិក មានរដ្ឋមួយចំនួនតែងតែបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋរហូត នៅគ្រប់ការបោះឆ្នោតប្រធានាធិបតីចាប់តាំងពីឆ្នាំ១៩៨០មក ដែលគេហៅជាទូទៅថា «រដ្ឋពណ៌ក្រហម»។ ចំណែក រដ្ឋមួយចំនួន តែងតែបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យរហូត នៅគ្រប់ការបោះឆ្នោតប្រធានាធិបតីចាប់តាំងពីឆ្នាំ១៩៩២មក ដែលគេហៅថា «រដ្ឋពណ៌ខៀវ»។ ដូច្នេះនៅតាមរដ្ឋទាំងនេះ គេអាចដឹងពីលទ្ធផលបោះឆ្នោតជាមុនទៅហើយ។ ក៏ប៉ុន្តែនៅមានរដ្ឋមួយចំនួនទៀតដែលគេពិបាកទាយលទ្ធផលទុកជាមុន ហើយ រដ្ឋទាំងនោះត្រូវបានគេហៅថា «swing states»។
នៅក្នុងរដ្ឋសំខាន់ ឬ swing states ការប្រកួតប្រជែងរវាងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យមានលក្ខណៈប្រកិតប្រកៀកគ្នាបំផុត ដោយអ្នកឈ្នះទទួលបានជ័យជម្នះក្នុងសំឡេង គាំទ្រយ៉ាងប្រផិតប្រផើយ។ ជាឧទាហរណ៍៖ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២០ អតីតបេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ទទួលបាន ជ័យជម្នះក្នុងរដ្ឋ Arizona ដោយទទួលបានសំឡេងឆ្នោតលើសលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋត្រឹមតែ ១០ ០០០សំឡេង ឬស្មើនឹង ០.៣ភាគរយតែប៉ុណ្ណោះនៃសន្លឹក ឆ្នោតសរុប។ ឬអាចនិយាយម្យ៉ាងទៀតបានថាសឹងតែមិនឈ្នះទៅហើយ។ ប៉ុន្តែនៅក្នុងករណីនេះ គឺរដ្ឋភាគច្រើនរបស់សហរដ្ឋអាមេរិកប្រើប្រាស់ប្រព័ន្ធបោះឆ្នោត «Winner-take-all» ដែលមានន័យថាបេក្ខជនដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ គឺប្រមូលយកអង្គបោះឆ្នោតទាំងអស់នៅក្នុងរដ្ឋនោះតែម្ដង ដោយមិនមានការបែងចែកអង្គបោះឆ្នោតទៅតាម សំឡេងសមាមាត្រនៃសន្លឹកឆ្នោតនោះទេ បើទោះជាឈ្នះយ៉ាងប្រផិតប្រផើយក៏ដោយ។
ម្លោះហើយ ទើបគេចាត់ទុកថា swing states គឺជាអ្នកកំណត់អ្នកឈ្នះ-ចាញ់នៅគ្រប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ហើយកន្លងមក រដ្ឋទាំងនេះក៏បានបង្កឱ្យមានការភ្ញាក់ផ្អើល រួចហើយដែរ។ កាលពីឆ្នាំ២០០០ អ្នកបោះឆ្នោតនៅរដ្ឋ Florida បានធ្វើឱ្យបេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យចាញ់លោក George W. Bush មកពីគណបក្សសាធារណរដ្ឋ ត្រឹមសំឡេងឆ្នោត៥៣៧។ នៅឆ្នាំ១៩៦០វិញ រដ្ឋ Illinois និងរដ្ឋ Taxas បានប្រគល់ជ័យជម្នះទៅឱ្យបេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក John F. Kennedy នៅក្នុងការបោះឆ្នោតមួយដែលឈ្នះយ៉ាងប្រកៀកប្រកិតបំផុតមួយ។
តែទោះជាបែបនេះក្ដី រដ្ឋ swing states មិនមែននៅតែដដែលរហូតនោះទេ។ រដ្ឋទាំងនេះមានការផ្លាស់ប្ដូរទៅតាមឆ្នាំ និងការបោះឆ្នោត។ នោះគឺដោយសារតែចំនួនប្រជាជនរបស់រដ្ឋ និងបរិបទនយោបាយក៏មានការផ្លាស់ប្ដូរដែរ។ ជាធម្មតា មានរដ្ឋចំនួន១០ ត្រូវបានគេចាត់ទុក ឬជា swing states តែម្ដង។ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០២៤នេះ មានរដ្ឋចំនួន៧ ដែលគេចាត់ទុកថាជា swing states រួមមាន Arizona Georgia Michigan Nevada North Carolina Pennsylvania និង Wisconsin។ កន្លងមក រដ្ឋ Florida Ohio និងរដ្ឋ New Hampshire ក៏ស្ថិតនៅក្នុងបញ្ជី «swing states» ផងដែរ។ ដោយសារតែ swing states មានសារៈសំខាន់បែបនេះហើយ ទើបបេក្ខជនប្រធានាធិបតីអាមេរិកតែងតែផ្ដោត និងចំណាយពេលច្រើនលើសលុបក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមរដ្ឋទាំងនេះ បើទោះជាការធ្វើដូច្នេះហាក់បង្ហាញពីការមិនអើពើជាមួយនឹងបណ្ដារដ្ឋផ្សេងទៀតដែល គាំទ្រពួកគេក៏ដោយ។
ឧទាហរណ៍៖ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ២ភាគ៣ នៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនប្រធានាធិបតីមកពីគណបក្សទាំង២ ត្រូវបានធ្វើឡើង នៅក្នុងរដ្ឋ swing states ចំនួន៦ ជាពិសេស ដើម្បីធ្វើឱ្យលទ្ធផលបោះឆ្នោតទាំងមូលផ្អៀងមកខាងពួកគេ។ ដូច្នេះគេកម្រនឹងបានឃើញបេក្ខជនប្រធានាធិបតីអាមេរិក ដឹកនាំការធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតនៅតាមរដ្ឋដែលមិនមែនជា swing states ណាស់ ទោះបីជារដ្ឋទាំងនោះជារដ្ឋធំៗដូចជារដ្ឋ California ឬ Texas ក៏ដោយ។ មិនតែប៉ុណ្ណោះ នៅពេលខ្លះ បេក្ខជនប្រធានាធិបតីថែមទាំងត្រូវធ្វើការកែប្រែ ឬ៏កែសម្រួលកម្មវិធីនយោបាយ ឬគោលជំហររបស់ពួកគេទៀតផង ដើម្បីទាក់ទាញសំឡេងនៅរដ្ឋ swing states។
តួយ៉ាង លោកស្រី កាម៉ាឡា ហារីស ដែលកន្លងមកធ្លាប់គាំទ្រការហាមឃាត់ការខួងយកប្រេង បានផ្លាស់ប្ដូរគោលជំហរផ្លូវការរបស់លោកស្រី អំឡុងវេទិកាតស៊ូមតិមួយ នៅក្នុងរដ្ឋ Pennsylvania ជារដ្ឋ swing states មួយដែលទទួលបានផលចំណេញមួយផ្នែកធំពីឧស្សាកម្មខួងយកប្រេងនេះ។ ក៏ប៉ុន្តែ យុទ្ធសាស្ត្របែបនេះមិនមែនចេះតែបានផលគ្រប់ពេលឡើយ។ ដ្បិត មិនមែនគ្រប់រដ្ឋ swing states ទាំងអស់ ផ្លាស់ប្ដូរចិត្តរបស់ពួកគេដោយសារតែហេតុផលដូចគ្នានេះនោះទេ។ ឧទាហរណ៍៖ នៅរដ្ឋ New Hampshire ៣៩ភាគរយ នៃអ្នកបោះឆ្នោតគឺជា អ្នកបោះឆ្នោតឯករាជ្យ។ ពោលគឺពួកគេមិនបានបញ្ជាក់អត្តសញ្ញាណខ្លួនឯងថាជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋ ឬក៏ប្រជាធិបតេយ្យនោះឡើយ។ តែស្ថានការណ៍មានលក្ខណៈខុសគ្នា នៅក្នុងរដ្ឋ Georgia ជាទីដែលអ្នកគាំទ្ររបស់គណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ប្រជែងគ្នាបោះឆ្នោតបេក្ខជនដែលពួកគេគាំទ្រ។
ដើម្បីទទួលបានជ័យជម្នះនៅក្នុងរដ្ឋ swing states បេក្ខជនប្រធានាធិបតីម្នាក់ត្រូវតែប្រមូលសំឡេងពីអ្នកគាំទ្ររបស់ខ្លួន ហើយកាត់បន្ថយកុំឱ្យមានអ្នកបោះឆ្នោតអនុបវាទឱ្យបានច្រើន តាម ដែលអាចធ្វើទៅបាន។ ប្រព័ន្ធបោះឆ្នោតរបៀបនេះបានទទួលរងការរិះគន់ពីប្រជាជនអាមេរិកមួយចំនួនដែលមានអារម្មណ៍ថាមានការបែងចែងថារដ្ឋនេះសំខាន់ខ្លាំងជាងរដ្ឋនោះ៕