(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលានេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ ដែលជាការធ្វើតេស្ដអាវុធជាលើកដំបូងបំផុតរបស់ទីក្រុង ព្យុងយ៉ាង ចាប់តាំងពីត្រូវបានចោទប្រកាន់ថាបានបញ្ជូនទ័ពទៅរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

យោធាកូរ៉េខាងត្បូង កាលពីថ្ងៃពុធម្សិលមិញ បានព្រមានថាកូរ៉េខាងជើងកំពុងត្រៀមលក្ខណៈធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឬក៏អាចធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិកនៅសប្ដាហ៍ក្រោយ។ ការធ្វើតេស្ដមីស៊ីលនៅពេលនេះដែរ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រមុខការពារជាតិសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានអំពាវនាវ ឱ្យកូរ៉េខាងជើងដកកងទ័ពរបស់ខ្លួនចេញពីរុស្ស៉ី ជាមួយការព្រមានថាកងទ័ពកូរ៉េខាងជើងដែលស្លៀកឯកសណ្ឋានកងទ័ពរុស្ស៉ីកំពុងត្រូវបានដាក់ពង្រាយសម្រាប់ការធ្វើសកម្មភាពប្រឆាំងនឹង កងកម្លាំងអ៊ុយក្រែន។

នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «យោធារបស់យើងចាប់បានសញ្ញាថាមីស៊ីលបាលិស្ទីគមួយគ្រាប់ត្រូវបានបាញ់​ ចេញពីតំបន់នៃរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅកាន់សមុទ្រខាងកើត នៅម៉ោងប្រហែល ៧៖១០នាទីព្រឹក ថ្ងៃនេះ...ហើយមីស៊ីលនេះដែរទំនងជាមីស៊ីលរយៈចម្ងាយឆ្ងាយ»

គួរបញ្ជាក់ថា ជប៉ុន ក៏បានទទួលស្គាល់ផងដែរថាកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីល ដោយក្រសួងការពារជាតិបញ្ជាក់ថាមីស៊ីលនេះហោះបានឆ្ងាយជាងមីស៊ីលមុនៗ ដែលកូរ៉េខាងជើងបានធ្វើ តេស្ដមួយរយៈពេលកន្លងមកនេះ៕