(ហ៊្សេរុយសាឡិម)៖ ការបែកធ្លាយឯកសារនិយាយពីតំបន់ហ្កាហ្សា ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងជំនួយការ របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានធ្វើឱ្យនយោបាយអ៉ីស្រាអែលមានភាពរង្គោះរង្គើ ហើយបង្កការខឹងសម្បារកាន់តែខ្លាំង ពីគ្រួសារចំណាប់ខ្មាំង ដែលបន្តស្ថិតនៅក្នុងដៃក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Netanyahu បានបដិសេធរាល់កំហុសឆ្គង ពីបុគ្គលិកការិយាល័យរបស់លោក ហើយនិយាយថា លោកដឹងដំណឹងបែកធ្លាយឯកសារនោះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។ អ្នកជាប់​សង្ស័យ​​ ៤នាក់ គឺម្នាក់​ជា​អ្នក​នាំ​ពាក្យ​ ស្ថិតក្រោមឱវាទរបស់​លោក Netanyahu និង​ ៣នាក់ទៀតជា​សមាជិក​នៃ​ស្ថាប័ន​សន្តិសុខ​។ អ្នកទាំង ៤មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

អត្ថបទចុះផ្សាយផ្តាច់មុខ ដោយកាសែត Haaretz បានគូសបញ្ជាក់ អំពីយុទ្ធសាស្ត្រចរចារបស់ក្រុមហាម៉ាស។ នៅពេលនោះ សហរដ្ឋអាមេរិក កាតា និងអេហ្ស៉ីប កំពុងសម្រុះសម្រួលកិច្ចចរចាបទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស ដែលរួមមានកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំងនៅហ្កាហ្សាផងដែរ។ ប៉ុន្តែ​កិច្ចចរចា​ គ្មានភាពរីកចម្រើនទៅមុខទេ ​ហើយអត្ថបទ​ដដែលនោះ ​បានលើកឡើងនូវសំណួរជា​ច្រើន ជុំវិញ​ការ​ចោទ​ប្រកាន់​របស់ ​លោក Netanyahu ប្រឆាំង​ក្រុមហាម៉ាស ដែលជាហេតុធ្វើឱ្យកិច្ចចរចា ត្រូវជាប់គាំង។

គួរបញ្ជាក់ថា ការធ្វើឱ្យបែកធ្លាយនូវឯកសារសម្ងាត់បែបនេះ ត្រូវបានចៅក្រមនៃតុលាការស្រុក Rishon Le-Zion ​និយាយ​ថា ​អាច​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ដោះលែង​ចំណាប់ខ្មាំង ខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងបង្កហានិភ័យដល់ប្រភពព័ត៌មាន៕