(សេអ៊ូល)៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោក Josep Borrell បានជួបពិភាក្សាជាមួយ លោក Cho Tae-yul រដ្ឋមន្រ្តីការការបរទេស និងពាណិជ្ជកម្មកូរ៉េខាងត្បូង នាថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ ចំពោះមុខការកើនឡើង នូវក្តីបារម្ភរបស់ទីក្រុងសេអ៊ូល ជុំវិញការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅជួយរុស្ស៉ី ធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Borrell ទៅដល់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីដំណើរទស្សកិច្ច នៅប្រទេសជប៉ុន និងនៅតំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកកូរ៉េទាំងពីរ។ លោក Borrell បានបង្ហោះសារលើបណ្តាញសង្គម X ដូច្នេះថា «ទស្សនកិច្ចរបស់ខ្ញុំ នៅថ្ងៃនេះ មកតំបន់ DMZ ដែលខណ្ឌចែកកូរ៉េត្បូង និងកូរ៉េខាងជើង គឺជាការរំលឹកមួយផ្សេងទៀត អំពីតម្រូវការចាំបាច់នៃសន្តិភាព បន្ថែមទៀត»

ដោយមិនលម្អិត លោក Borrell បានបង្ហោះសារមួយទៀតថា ទស្សនកិច្ចនៅកូរ៉េខាងត្បូង គឺដើម្បីទទួលយក នូវកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ ការពារជាតិ រវាង EU និងទីក្រុងសេអ៊ូល ទៅកាន់កម្រិតបន្ទាប់។ តាមទីភ្នាក់ងារព័ត៌មាន Yonhap លោក Borrell ក៏បានជួបរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun ក្នុងទីក្រុងសេអ៊ូល ផងដែរ ហើយបានសម្តែងការព្រួយបារម្ភ ចំពោះបញ្ហាកងទ័ពកូរ៉េខាងជើង នៅក្នុងប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា ជំនួបសន្ទនាជាយុទ្ធសាស្ត្រលើកដំបូង រវាងសហភាពអឺរ៉ុប-កូរ៉េខាងត្បូង ធ្វើឡើងស្របពេលដែលទីក្រុងវ៉ាស៉ីនតោន និងទីក្រុងសេអ៊ូល ប​ន្តលើកឡើងអំពីការបញ្ជូនកងទ័ពកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៉ី សម្រាប់សង្គ្រាមនៅអ៊ុយក្រែន៕