(ប៊ុយដាប៉ែស)៖ កាលពីថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីនៃប្រទេសហុងគ្រី លោក Viktor Orban បានលើកឡើងថា អឺរ៉ុបនឹងចាំបាច់ត្រូវតែពិចារណាឡើងវិញ ចំពោះការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោត​ជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោកនាយករដ្ឋមន្រ្តីហុងគ្រី បាននិយាយដូច្នេះថា «ពួកយើងនៅអឺរ៉ុប ចាំបាច់ត្រូវតែដឹងថា ប្រសិនបើ មានប្រធានាធិបតីអាមេរិក ដែលគាំទ្រសន្តិភាព ប្រសិនបើសហរដ្ឋអាមេរិក ផ្លាស់ប្តូរទំនោរទៅគាំទ្រសន្តិភាពនោះ គឺអឺរ៉ុបមិនអាចនៅបន្តគាំទ្រសង្រ្គាមឡើយ។ អឺរ៉ុបមិនអាចទ្រាំទ្របន្ទុកនៃសង្រ្គាមតែឯងបានទេ ហើយប្រសិនបើអាមេរិកប្រែទៅជ្រើសយកសន្តិភាព នោះពួកយើងក៏ត្រូវតែ​សម្របខ្លួនតាមដែរ»។ អឺរ៉ុបកំពុងព្រួយបារម្ភ អំពីលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលអាចនឹងប៉ះពាល់ដល់សង្រ្គាម​នៅអ៊ុយក្រែន ព្រមទាំងសន្តិសុខនៃទ្វីបនេះផ្ទាល់។

គួរបញ្ជាក់ថា ទោះហុងគ្រីជាសមាជិកសហភាពអឺរ៉ុបក្តី លោក Orban ប្រកាន់ជំហរប្រឆាំងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ហើយធ្លាប់បានបង្ហាញយ៉ាងច្បាស់ថា រូបលោកយល់ស្រប ជាមួយទស្សនៈរបស់លោក ត្រាំ ជុំវិញវិបត្តិអ៊ុយក្រែន ហើយគាំទ្រឱ្យមាន​ការចរចាបញ្ចប់សង្រ្គាម ដើម្បីសម្រេចបានសន្តិភាពនៅអ៊ុយក្រែន។ លោក Orban ចង់ឃើញលោក ត្រាំ ដែលជាបេក្ខជនបក្សសាធាណរដ្ឋ ផ្តួលអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជនបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោត នាថ្ងៃអង្គារសប្តាហ៍នេះ៕