(ប៉េកាំង)៖ នៅព្រឹកព្រលឹមថ្ងៃទី ៤ ខែវិច្ឆិកា នៅទីលានចុះចត Dongfeng សំឡេងទ្រហឹងនៃយន្តហោះបានបំបែកភាពស្ងប់ស្ងាត់ នៅទីជ្រៅនៃតំបន់ហ្កាប៊ីភាគពាយ័ព្យប្រទេសចិន ឧទ្ធម្ភាគចក្រជាច្រើនបានប្រមូលផ្តុំគ្នាយ៉ាងលឿនឆ្ពោះទៅកាន់ កាប៊ីនត្រឡប់របស់យានអវកាសលើផ្ទៃដី ក្នុងកាប៊ីនយាន Shenzhou-18 ដែលទើបត្រឡប់មកកាន់ស្រុកកំណើតវិញ គឺមានវត្តមានរបស់អវកាសយានិកលោក Ye Guangfu, លោក Li Cong និងលោក Li Guangsu។

ចាប់តាំងពីពួកគេ ហោះហើរទៅកាន់ទីអវកាសនៅល្ងាចថ្ងៃទី ២៥ ខែមេសា ដល់ពេលត្រឡប់មកវិញដោយសុវត្ថិភាពនៅព្រឹកនេះ អវកាសយានិកទាំងបីនាក់ដែលកើតក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ បានស្នាក់នៅក្នុងគន្លងតារាវិថីរយៈពេល១៩២ ថ្ងៃដោយបានបង្កើតកំណត់ត្រាថ្មីមួយ សម្រាប់រយៈពេលនៃ "ការបំពេញការងារនៅក្នុងលំហអវកាស" សម្រាប់ក្រុមអវកាសនាយកចិន។ ក្នុងអំឡុងពេលនេះ ពួកគេបានធ្វើសកម្មភាពនៅក្រៅកាប៊ីនចំនួនពីរលើក សកម្មភាពលើកដំបូងចំណាយពេលប្រហែល ៨ ម៉ោងកន្លះ ដែលបានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់សកម្មភាព នៅក្រៅកាប៊ីនតែមួយរបស់អវកាសយានិកចិន។

នៅវេលាម៉ោងសូន្យនិង ២៤ នាទី មជ្ឈមណ្ឌលគ្រប់គ្រងការហោះហើរ អវកាសយានិកប៉េកាំង បានចេញបទបញ្ជា វិលត្រលប់មកវិញ កាប៊ីនត្រឡប់និងកាប៊ីនតាមគន្លងតារាវិថី នៃយានអវកាសផ្ទុកមនុស្ស Shenzhou-18 បានបំបែកចេញពី គ្នាដោយជោគជ័យ ហើយអវកាសយានិកទាំងបីនាក់ បានធ្វើដំណើរត្រឡប់មកភពផែនដីវិញ។ កាប៊ីនត្រឡប់បានហោះកាត់ ស្រទាប់អូហ្សូន បីដូចជា ទេពច្យុតហោះកាត់ផ្ទៃមេឃពេលយប់។ នៅពេលដែលវាស្ថិតនៅចម្ងាយ ១០ គីឡូម៉ែត្រពីផ្ទៃដី កាប៊ីនត្រឡប់ចាប់ផ្តើមបន្ថយល្បឿន។ បន្ទាប់មក ផ្កាឆ័ត្រពណ៌ក្រហម និងសទំហំ ១២០០ ម៉ែត្រការ៉េបានរីកពេញផ្ទៃមេឃ កាប៊ីនត្រឡប់បានចុះចតយ៉ាងរលូន ហើយផ្កាឆ័ត្រដ៏ធំបានធ្លាក់ចុះដល់ដី។

ចាប់តាំងពីអនុវត្តបេសកកម្មយានអវកាសផ្ទុកមនុស្ស Shenzhou-12 មក ទីចុះចត Dongfeng បានក្លាយជាកន្លែងដ៏សំខាន់ សម្រាប់ការវិលត្រឡប់មកវិញ នៃយានអវកាសផ្ទុកមនុស្ស។ បេសកកម្មលើកនេះគឺជាលើកទី ២ ហើយដែលទីចុះចត Dongfeng បានស្វាគមន៍អវកាសយានិកត្រឡប់ មកផ្ទះវិញនៅពេលយប់ងងឹត ពេលយប់និងបរិយាកាសសីតុណ្ហភាពទាប ធ្វើឱ្យការស្វែងរក និងជួយសង្គ្រោះកាន់តែពិបាក ជាពិសេស ការត្រឡប់មកវិញនេះ ស្របពេលនឹងថ្ងៃ៤កើត នៃប្រតិទិនគិតតាមច័ន្ទគតិ ព្រះច័ន្ទរាងតូចធ្វើឱ្យមានការលំបាកកាន់តែខ្លាំង សម្រាប់ការស្វែងរកអវកាសយានិក នៅទីលានចុះចតដែលគ្មានឧបករណ៍បំភ្លឺ។

បន្ទាប់ពីកាប៊ីនត្រឡប់បានចុះចត ក្រុមរុករកនិងជួយសង្គ្រោះបានទៅដល់ទីតាំងភ្លាមៗ។ ក្រុមការងារបានដំឡើងអំពូលភ្លើង យ៉ាងឆាប់រហ័ស ដើម្បីជួយសម្រួលដល់ក្រុមការងារស្វែងរក និងជួយសង្គ្រោះផ្សេងទៀត។ នៅវាលខ្សាច់ដ៏ធំល្វឹងល្វើយ ងងឹតសូន្យឈឹង មានតែជុំវិញនៃកាប៊ីនត្រឡប់ប៉ុណ្ណោះភ្លឺចែងចាំងដូចថ្ងៃ។ ប្រឈមនឹងអាកាសធាតុត្រជាក់ អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ បានប្រើ "វិធីដ៏កក់ក្តៅបំផុត" ដើម្បីស្វាគមន៍អវកាសយានិកត្រឡប់មកផ្ទះវិញ ពួកគេមិនត្រឹមតែ រៀបចំថង់គេង និងភួយសម្រាប់ការពារភាពត្រជាក់ប៉ុណ្ណោះទេ ក៏ថែមទាំងធ្វើអាហារពេលល្ងាចក្តៅៗ រួមទាំងសម្លស៊ុតមាន់ ដែលកុម្មង់ដោយអវកាសយានិកទាំងបីនាក់ និងមីសាច់គោ សាច់គោអាំងជាមួយសាច់ចៀម បបរ និងផ្លែត្រសក់ស្រូវ និងទំពាំងបាយជូរ។ល។

នៅម៉ោង ២ និង ១៥នាទី អវកាសយានិកទាំងបីនាក់ បានចេញពីកាប៊ីនដោយសុវត្ថិភាពនិងរលូន ហើយមានសុខភាពល្អ។ គិតតដល់ពេលនេះ ដំណើរអវកាសរបស់អវកាសយានិកឆ្នាំ ៨០ ទាំងបីនាក់បានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ដំណើរសម្រេចសុបិន្តរបស់លោក Ye Guangfu ក្នុងការវិលត្រឡប់ទៅកាន់ ស្ថានីយអវកាស "Tiangong" បានឈានដល់ទីបញ្ចប់ ដ៏ល្អឥតខ្ចោះ លោកបានក្លាយជាអវកាសយានិកដំបូងគេរបស់ប្រទេសចិន ជាមួយនឹងពេលវេលាហោះហើរ ក្នុងទីអវកាសសរុបលើសពីមួយឆ្នាំ។ គាត់បាននិយាយថា "ជាមួយនឹងការបន្តវេន នៃគ្រួសារយានអវកាស Shenzhou ខ្ញុំជឿជាក់ថានៅពេលអនាគតដ៏ខ្លីខាងមុខនេះ កំណត់ត្រារបស់ប្រជាជនចិនដែលស្នាក់នៅក្នុងគន្លងតារាវិថី នឹងត្រូវបានបំបែកក្នុងពេលឆាប់ៗ"។

ឯកលោក Li Cong និងលោក Li Guangsu បានបញ្ចប់ការហោះហើរ ក្នុងអវកាសលើកដំបូងរបស់ពួកគេដោយជោគជ័យ។ "ការរុករកទីអវកាសគ្មានទីបញ្ចប់ឡើយ" លោកLi Cong បាននិយាយដោយត្រង់ថា គាត់នឹងស្តារឡើងវិញឱ្យបានឆាប់តាម ដែលអាចធ្វើទៅបានដើម្បីចាប់ផ្តើម ការហ្វឹកហាត់ឱ្យបានឆាប់ ហើយត្រឡប់ទៅទីអវកាសដ៏ធំទូលាយម្តងទៀត។ លោក Li Guangsu ដែលជាអ្នក ចេញពីកាប៊ីនចុងក្រោយគេ បានបន្តគ្រវីដៃទៅកាន់មនុស្សដែលមកស្វាគមន៍ពួកគេ។

ត្រឡប់ពីស្ថានីយអវកាសក្នុងលំហអវកាសមកលើផែនដីវិញ លោក Li Guangsu មិនត្រឹមតែរំភើបនិងរីករាយប៉ុណ្ណោះទេ គាត់ក៏មានការនឹករលឹកនិងស្ទាក់ស្ទើរ ក្នុងការចាកចេញពី លំហអវកាស។ គាត់បានទទួលស្គាល់ថា គាត់ពិតជារីករាយនឹង បទពិសោធពិសេសដែលគ្មានទម្ងន់។

ដូចដែលលោក Li Guangsu បាននិយាយថា "លំហអាកាសគឺធំល្វឹងល្វើយ អស្ចារ្យនិងស្រស់ស្អាត"។ សម្លឹងមើលទៅលើមេឃ ស្ថានីយអវកាសចិន នៅតែធ្វើដំណើរចម្ងាយ ៤០០ គីឡូម៉ែត្រ។ មុនពេលដែលអាវកាសយានិក Shenzhou-18 ត្រលប់មកផែនដីវិញ អវកាសយានិក Shenzhou-19 បានទទួល "កូនសោ" នៃស្ថានីយអវកាស ហើយបានចូលមក ប្រចាំការនៅ "ទីលំនៅអវកាស" របស់ប្រជាជនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន