(តៃប៉ិ)៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកានេះបាននិយាយថាតៃវ៉ាន់ត្រូវតែបង្ហាញថាខ្លួនមានការតាំងចិត្តចំពោះការការពារខ្លួនឯង ទោះបីជា នរណាទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកាក៏ដោយ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតអាមេរិកនឹងត្រូវបញ្ចប់នៅប៉ុន្មានម៉ោងទៀតនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ដែលកំពុងប្រកួតប្រជែងដណ្ដើមតំណែងប្រធានាធិបតីអាមេរិក ជាមួយលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជន ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ធ្លាប់បាននិយាយក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថា តៃវ៉ាន់ត្រូវបង់វិភាគទានបន្ថែមដើម្បីទទួលបានការការពារពីសហរដ្ឋអាមេរិក ហើយលោកក៏បានចោទប្រកាន់តៃវ៉ាន់ផងដែរថាបានលួចជំនួញឧស្សាហកម្មបន្ទះឈីបពីសហរដ្ឋអាមេរិក។
យ៉ាងណាក៏ដោយ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសភាតៃវ៉ាន់ លោក Wellington Koo បានគូសបញ្ជាក់ដូច្នេះថា «មិនថានរណាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកថ្មីនោះទេ យើងត្រូវតែបង្ហាញឱ្យពួកគេឃើញថាតៃវ៉ាន់មានការតាំងចិត្តដើម្បីការពារខ្លួនឯង និងយល់ពីសារៈសំខាន់នៃសន្តិសុខសេដ្ឋកិច្ច និងទីតាំងភូមិសាស្ត្រនយោបាយរបស់តៃវ៉ាន់»។ លោកបន្តថា គោលជំហររបស់តៃវ៉ាន់ នោះគឺបន្តពង្រឹងសមត្ថភាពការពារខ្លួនឯង។
គួរបញ្ជាក់ថា តៃវ៉ាន់ធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ក្នុងនោះរួមមានទាំងការលក់អាវុធដែលនៅតែបន្តរហូតដល់ ជំនាន់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន៕