(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកានេះ បានឱ្យដឹងថាប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅក្នុង សប្ដាហ៍នេះ ដែលជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងបំផុត ចាប់តាំងពីឡើងស្បថចូលកាន់តំណែងកាលពីខែតុលាមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានគូសបញ្ជាក់ដូច្នេះថា «តបតាមការអញ្ជើញពីលោកប្រធានាធិបតី ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោក Prabowo Subianto នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋ មកកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា»។ លោក Prabowo មានអាយុ៧៣ឆ្នាំ បានស្បថចូល កាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែតុលា ជាមួយការសន្យាថានឹងប្រកាន់ខ្ជាប់នូវគោលនយោបាយមិនចូលបក្សសម្ព័ន្ធរបស់ឥណ្ឌូណេស៊ី ខណៈនឹងជំរុញឱ្យឥណ្ឌូណេស៊ី មានតួនាទីកាន់តែសកម្មនៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា លោក Prabowo Subianto ក៏មានគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉េរូដើម្បីចូលរួមកិច្ចប្រជុំ APEC និងទៅកាន់ប្រេស៊ីល ដើម្បីចូលរួមកិច្ចប្រជុំ G20 ផងដែរ នៅក្នុងខែវិច្ឆិកានេះ៕