(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានជួបរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui នៅវិមានក្រឹមឡាំង កាលពីថ្ងៃចន្ទសប្តាហ៍នេះ ចំពេលលោកខាងលិចកំពុងអះអាងថា រុស្ស៉ីគ្រោងដាក់ពង្រាយកងទ័ពរបស់ទីក្រុងព្យុងយ៉ាង ឱ្យទៅប្រយុទ្ធជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោកស្រី Choe ស្ថិតនៅក្នុងប្រទេសរុស្ស៉ី រយៈពេល ១សប្តាហ៍មកហើយ ព្រមទាំងបានសន្យាទៀតថា កូរ៉េខាងជើងនឹងជួយគាំទ្ររុស្ស៉ី រហូតទាល់តែឈ្នះនៅអ៊ុយក្រែន។ ក្នុងពេលពិភាក្សាជាមួយ លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៉ី កាលពីសប្តាហ៍មុន លោកស្រី Choe និយាយថាទីក្រុងព្យុងយ៉ាង មានបំណងឈរនៅខាងរុស្ស៉ី ក្នុងអ្វីដែលលោកស្រីហៅថាជា «ការតស៊ូដ៏ពិសិដ្ឋ» នៅអ៊ុយក្រែន។
វិមានក្រឹមឡាំង បានចេញសេចក្តីថ្លែងការណ៍ដោយភ្ជាប់ជាមួយវីដេអូដែល លោក ពូទីន ស្វាគមន៍យ៉ាងរាក់ទាក់ចំពោះ លោកស្រី Choe។ តាមការបកប្រែជាភាសារុស្ស៉ី លោកស្រី Choe បានថ្លែងអំណរគុណ លោក ពូទីន សម្រាប់ការមកស្វាគមន៍លោកស្រី និងនាំនូវការជូនពរពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនផងដែរ។
គួរបញ្ជាក់ថា លោកខាងលិចបានអះអាងថា ទាហានកូរ៉េខាងជើងប្រហែល ១០,០០០នាក់ កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៉ី ហើយអាចត្រូវបានបញ្ជូនទៅប្រយុទ្ធនៅសមរភួមិ ជាមួយអ៊ុយក្រែនក្នុងពេលឆាប់ៗ៕