(ម៉ាឌ្រីដ)៖ រដ្ឋាភិបាលអេស្ប៉ាញ នៅថ្ងៃអង្គារនេះបានប្រកាសផ្តល់ប្រាក់កម្ចី និងជំនួយសរុបចំនួន ១០.៦ ពាន់លានអឺរ៉ូ (១១.៥៥ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់ ដែលបានវាយប្រហារតំបន់ឆ្នេរសមុទ្រភាគខាងកើត ជុំវិញទីក្រុង Valencia កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez បានបញ្ជាក់នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ជំនួយចំនួន ៨៣៨ លានអឺរ៉ូដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២១៧ នាក់។ គ្រោះមហន្តរាយនេះ ត្រូវបានចាត់ទុកថា ជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់អេស្ប៉ាញ។
កញ្ចប់ជំនួយនេះ ក៏រួមបញ្ចូលទាំងប្រាក់កម្ចីរហូតដល់ ៥ ពាន់លានអឺរ៉ូ សម្រាប់ក្រុមហ៊ុនធុនតូច និងមធ្យម អ្នកធ្វើការឯករាជ្យ និងគ្រួសារ ដើម្បីជួយស្តារឡើងវិញនូវអាជីវកម្ម និងលំនៅដ្ឋានរបស់ពួកគេ។ ជំនួយផ្សេងទៀត រួមមានការបន្ធូរបន្ថយពន្ធ ការផ្តល់អត្ថប្រយោជន៍ថ្ងៃឈប់សម្រាក ការឧបត្ថម្ភសម្រាប់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ និងផ្លូវដែកជាដើម។
រដ្ឋាភិបាលអេស្ប៉ាញ ក៏បានដាក់ពង្រាយកម្លាំងប៉ូលីស និងទាហានជាង ១៤,០០០ នាក់ ទៅកាន់តំបន់រងគ្រោះ ដើម្បីជួយសង្រ្គោះនិងស្តារសណ្តាប់ធ្នាប់ឡើងវិញ៕