(តាល់អាហ្វីហ្វ)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងអ្នកគាំទ្ររបស់លោក បានអបអរជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដោយបង្ហាញការជឿជាក់ថា បេក្ខជនរូបនេះនឹងក្លាយជាសម្ព័ន្ធមិត្តដ៏រឹងមាំ និងគាំទ្រអ៊ីស្រាអែលដោយគ្មានលក្ខខណ្ឌ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Netanyahu បានសម្តែងការអបអរសាទរ និងចាត់ទុកជ័យជម្នះនេះថា ជាការវិលត្រឡប់ដ៏អស្ចារ្យ និងជាឱកាសថ្មី សម្រាប់ទំនាក់ទំនងរវាងអ៊ីស្រាអែល និងអាមេរិក។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការវិលត្រឡប់ជាប្រវត្តិសាស្ត្ររបស់អ្នក (ដូណាល់ ត្រាំ) ទៅកាន់សេតវិមាន ផ្តល់នូវការចាប់ផ្តើមថ្មីសម្រាប់អាមេរិក និងការប្តេជ្ញាចិត្តដ៏មានឥទ្ធិពលចំពោះសម្ព័ន្ធភាពដ៏អស្ចារ្យរវាងអ៊ីស្រាអែល និងអាមេរិក»។

ចំណែកឯក្រុម Hamas វិញ ដែលបានប្រយុទ្ធជាមួយអ៊ីស្រាអែលអស់រយៈពេលជាងមួយឆ្នាំនៅតំបន់ហ្គាហ្សា បានអំពាវនាវឱ្យរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក បញ្ឈប់ការគាំទ្រដោយងងឹតងងុលចំពោះអ៊ីស្រាអែល។ មន្ត្រីហាម៉ាស់ម្នាក់ គឺលោក Sami Abu Zuhri បានប្រាប់ Reuters ថា «យើងជំរុញឱ្យ លោក​ ត្រាំ រៀនពីកំហុសរបស់ប្រធានាធិបតី Joe Biden»។

គួរបញ្ជាក់ថា ជ័យជម្នះរបស់លោក ត្រាំ ត្រូវបានមើលឃើញថា ជាការធូរស្រាលសម្រាប់រដ្ឋាភិបាលលោក Netanyahu ដែលធ្លាប់មានទំនាក់ទំនងមិនសូវល្អ ជាមួយរដ្ឋបាល Biden ជុំវិញជម្លោះនៅតំបន់ហ្គាហ្សា និងលីបង់។ លោក Netanyahu ថែមទាំងបានបណ្តេញរដ្ឋមន្ត្រីការពារជាតិរបស់លោក ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋបាល Biden ចេញពីតំណែងទៀតផង។

រដ្ឋមន្ត្រីការពារជាតិថ្មី លោក Katz បានសម្តែងក្តីសង្ឃឹមថា រដ្ឋបាលថ្មីនឹងជួយពង្រឹងទំនាក់ទំនងជាមួយអ៊ីស្រាអែល និងជួយដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ដែលនៅសេសសល់នៅក្នុងតំបន់ហ្គាហ្សា៕