(ព្រុចស៊ែល)៖ សហភាពអឺរ៉ុប កំពុងពិចារណាវិធីសាស្រ្តផ្សេងៗ ដើម្បីផ្គាប់ចិត្តលោក ដូណាល់ ត្រាំ បន្ទាប់ពីលោកបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ក្នុងគោលបំណងចៀសវាងការដំឡើងពន្ធ និងការគំរាមកំហែងពាណិជ្ជកម្មផ្សេងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ត្រាំ ធ្លាប់បានព្រមានថា សហភាពអឺរ៉ុប នឹងត្រូវទទួលរងផលវិបាក ប្រសិនបើមិនបង្កើនការទិញទំនិញពីអាមេរិក។
សហភាពអឺរ៉ុប មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការគំរាមកំហែងនៃការដំឡើងពន្ធរហូតដល់ ១០% លើទំនិញនាំចូលទាំងអស់ពីសហភាពអឺរ៉ុប និង ៦០% លើទំនិញពីប្រទេសចិន។ ការដំឡើងពន្ធបែបនេះ អាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ជាពិសេសក្រុមហ៊ុនផលិតរថយន្តនៅអាល្លឺម៉ង់ និងអ៊ីតាលី។
ជាងនេះទៅទៀត សហភាពអឺរ៉ុប ក៏បារម្ភអំពីផលប៉ះពាល់ដោយប្រយោល ដែលអាចកើតមាន ប្រសិនបើក្រុមហ៊ុនចិន ងាកមកនាំចេញទំនិញកាន់តែច្រើនមកកាន់អឺរ៉ុប ដើម្បីជៀសវាងពន្ធរបស់អាមេរិក។
ដើម្បីទប់ទល់នឹងបញ្ហានេះ សហភាពអឺរ៉ុប កំពុងពិចារណាជម្រើសមួយចំនួន ដូចជាការបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងផ្គាប់ចិត្តរដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ។
សហភាពអឺរ៉ុប គ្រោងនឹងទាក់ទងជាមួយរដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ នៅពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងរក្សាទំនាក់ទំនងពាណិជ្ជកម្មឱ្យបានល្អប្រសើរ៕