(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បានថ្កោលទោសការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចេញដីកាចាប់ខ្លួនលោក និងអតីតរដ្ឋមន្រ្តីការពារជាតិ Yoav Gallant ដោយចោទប្រកាន់ថា ការសម្រេចចិត្តនេះ មាន «លក្ខណៈប្រឆាំងនឹងជាតិសាសន៍យូដា»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការិយាល័យរបស់លោក Netanyahu បានប្រកាសថា «អ៊ីស្រាអែលច្រានចោលដោយការស្អប់ខ្ពើម ចំពោះសកម្មភាពមិនសមហេតុផល និងក្លែងក្លាយ ដែលប្រឆាំងនឹងខ្លួនដោយតុលាការ ICC...លោក Netanyahu នឹងមិន "ចុះចាញ់សម្ពាធ" ក្នុងការការពារពលរដ្ឋអ៊ីស្រាអែលឡើយ»។

ICC បានចោទប្រកាន់លោក Netanyahu និង Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ទាក់ទងនឹងការធ្វើទារុណកម្ម ការវាយប្រហារដោយចេតនាលើជនស៊ីវិល និងការប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្រ្គាមជាដើម។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើតំបន់ហ្គាហ្សា កាលពីឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ លើភាគខាងត្បូងអ៊ីស្រាអែល។

ទោះបីជាមានការខ្វែងគំនិតផ្នែកនយោបាយក៏ដោយ ក៏មេដឹកនាំអ៊ីស្រាអែល មកពីគ្រប់និន្នាការនយោបាយបានរួបរួមគ្នា ដើម្បីថ្កោលទោសការសម្រេចចិត្តរបស់ ICC។ ពួកគេបានចាត់ទុកថា ការសម្រេចចិត្តនេះជាការគាំទ្រដល់ភេរវកម្ម និងជាការរំលោភលើសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន។ អតីតនាយករដ្ឋមន្រ្តី Naftali Bennett បានសរសេរនៅលើបណ្តាញសង្គម X ថា «ដីកាចាប់ខ្លួន ICC គឺជាសញ្ញានៃភាពអាម៉ាស់ មិនមែនរបស់មេដឹកនាំអ៊ីស្រាអែលទេ ប៉ុន្តែជារបស់ ICC ផ្ទាល់ និងសមាជិករបស់ខ្លួន»៕