(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រុស្ស៉ីនឹង​បន្តធ្វើតេស្តមីស៉ីលបាលិស្ទីគ មានល្បឿនលឿនជាងសំឡេង Oreshnik ដែលជាស៊េរីថ្មី នៅក្នុងសមរភូមិជាក់ស្តែង ខណៈប្រទេសរបស់លោកមានមីស៉ីលទាំងនេះ ក្នុងស្តុករួចស្រេច សម្រាប់ការប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ពូទីន បានលើកឡើងដូចខាងលើ មួយថ្ងៃបន្ទាប់ពីរុស្ស៉ីបានបាញ់ មីស៉ីលបាលិស្ទីគប្រភេទ IRBM នោះ វាយប្រហារលើអ៊ុយក្រែន ជាលើកដំបូងបំផុត ដោយលោកអះអាងថា វាគឺជាវិធានការឆ្លើយតប ក្រោយអ៊ុយក្រែនបានប្រើមីស៉ីលបាលិស្ទីគរបស់អាមេរិក និង​មីស៉ីលគ្រូសរបស់ចក្រភពអង់គ្លេស វាយប្រហារចូលក្នុងទឹកដីរុស្ស៉ី។ បើតាមការអះអាងរបស់អ៊ុយក្រែន មីស៉ីល Oreshnik ដែលរុស្ស៉ីបានបាញ់ បានធ្វើដំណើរដល់ល្បឿនរហូតដល់ជាង ១៣ ០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយហោះមកដល់គោលដៅ ដោយប្រើពេលប្រហែល១៥នាទី៕

លោកប្រធានាធិបតីរុស្ស៉ី បាននិយាយថា ការប្រើប្រាស់ជាលើកដំបូងនៃមីស៉ីល Oreshnik នោះ គឺជាការធ្វើតេស្តជោគជ័យមួយ ហើយលោកបានប្តេជ្ញាថា ការបាញ់តេស្តបន្តបន្ទាប់ទៀត នឹងត្រូវធ្វើឡើង រួមមានទាំងនៅក្នុងសមរភូមិជាក់ស្តែង ដោយផ្អែកទៅលើ​ស្ថានការណ៍ នៃការគំរាមកំហែងសន្តិសុខចំពោះរុស្ស៉ី។ មិនតែប៉ុណ្ណោះ លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៉ីមានមីស៉ីលទាំងនេះ ក្នុងស្តុករួចស្រេច ដែលអាចប្រើប្រាស់បានភ្លាមៗ។

គួរបញ្ជាក់ថា យ៉ាងណាក្តី បើតាមមន្រ្តីអាមេរិកម្នាក់ មីស៉ីលខាងលើរបស់រុស្ស៉ី គឺជាសព្វាវុធបែបសាកល្បង ហើយរុស្ស៉ីមានមីស៉ីល​ទាំងនោះ ក្នុងចំនួនកំណត់មួយ ពោលគឺវាជាអាវុធ ដែលទីក្រុងមូស្គូពុំអាចប្រើជាប្រចាំនៅលើសមរភូមិទេ។ មីស៉ីលបាលិស្ទីគប្រភេទ IRBM អាចវាយប្រហារបាន​ចម្ងាយចន្លោះ ៣ ០០០-៥ ៥០០គីឡូម៉ែត្រ ដែលឆ្ងាយជាង មីស៉ីលរយៈចម្ងាយមធ្យម ហៅថា MRBM ប៉ុន្តែជិតជាងមីស៉ីលបាលិស្ទីគ ដែលមានរយៈចម្ងាយឆ្ងាយបំផុតគឺ ICBM។ ទោះជាបែបនេះក៏ដោយ ពួកវាអាចវាយប្រហារដល់គ្រប់គោលដៅ នៅទូទាំងទ្វីបអឺរ៉ុប ឬក៏តំបន់ភាគខាងលិចរបស់សហរដ្ឋអាមេរិក ពេលបាញ់ចេញពីប្រទេសរុស្ស៉ី៕