(ប៉េកាំង)៖ “នេះជាពេលវេលាដែលមានលក្ខណៈប្រវត្តិសាស្ត្រ នៃទំនាក់ទំនងរវាងចិននិងប្រេស៊ីល” “ភាគីទាំងពីរបានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ ជាង៣០ច្បាស់” “ទំនាក់ទំនងរវាងប្រទេសទាំងពីរបានចាប់ផ្តើម ឈានចូល‘៥០ឆ្នាំមាស’បន្ទាប់”។ល។ មតិអន្តរជាតិបានយកចិត្តទុកដាក់ខ្ពស់ចំពោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រេស៊ីល របស់លោកប្រធានរដ្ឋចិន Xi Jinping កាលពីថ្ងៃទី២០ខែវិចិ្ឆកា។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍធំទាំងពីរ នៅពាក់កណ្តាលផែនដីខាងកើត និងខាងលិច ឆ្នាំនេះចិននិងប្រេស៊ីល បានទទួលខួបទី៥០ នៃការបង្កើតទំនាក់ទំនងផ្លូវទូត ហើយក៏បានទទួលឱកាសដ៏សំខាន់សម្រាប់លើកកម្ពស់ ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតខ្ពស់ផងដែរ។

ដំណើរទស្សនកិច្ចនៅប្រេស៊ីលលើកនេះ គឺជាដំណើរទស្សនកិច្ចម្តងទៀតរបស់លោកប្រធានរដ្ឋចិន Xi Jinping បន្ទាប់ពីរយៈពេល៥ឆ្នាំ ។ ក្នុងជំនួបពិភាក្សាដែលបើកធ្វើ កាលពីថ្ងៃទី២០ខែវិចិ្ឆកា ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានសម្រេចចិត្តថា នឹងរួមគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់ “សហគមន៍រួមវាសនារវាងចិន និងប្រេស៊ីលដែលពួតដៃគ្នា កសាងពិភពលោកកាន់តែយុត្តិធម៌ ក្នុងផែនដីជានិរន្តរភាព” ព្រមពេលជាមួយគ្នានេះ បានតភ្ជាប់គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រេស៊ីល។

ឥស្សរជនវិភាគបានយល់ឃើញថា ការដំឡើងលំដាប់ថ្នាក់នៃទំនាក់ទំនងទ្វេភាគីលើកនេះ អាចហៅថាជានិមិត្តសញ្ញាថ្មី ក្នុងទំនាក់ទំនងរវាងចិននិងប្រេស៊ីល។ ប្រការនេះបានបង្ហាញថា ទស្សនទានរបស់ភាគីទាំងពីរចំពោះការអភិវឌ្ឍនៅពេលអនាគត មានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំង ដែលបានបង្ហាញឱ្យនូវទំនួលខុសត្រូវ ចំពោះជោគវាសនា និងអនាគតនៃមនុស្សជាតិ ហើយក៏បានបង្ហាញពីភាពសកល ភាពយុទ្ធសាស្ត្រនិងភាពយូរអង្វែងនៃទំនាក់ទំនង រវាងប្រទេសទាំងពីរផងដែរ។

“រួមវាសនា” “រួមគ្នាអភិវឌ្ឍន៍” “រួមគ្នាទទួលខុសត្រូវ”និង “រួមសុខរួមទុក្ខជាមួយគ្នា” លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងសំណើ៤ផ្នែក អំពីការអភិវឌ្ឍនៃទំនាក់ទំនង រវាងចិននិងប្រេស៊ីលនៅពេលអនាគត ដែលបានគ្របដណ្តប់លើ វិស័យដូចជាការធ្វើឱ្យស៊ីជម្រៅ នូវទំនុកចិត្តខាងយុទ្ធសាស្ត្រ ការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ការគាំពារសន្តិភាពនិងយុត្តិធម៌ នៃពិភពលោក និងការកសាងសហគមន៍រួមវាសនា របស់មនុស្សជាតិជាដើម ដែលផ្តល់ការណែនាំទិសដៅ នៃការកសាងសហគមន៍រួមវាសនារវាងចិននិងប្រេស៊ីល ក៏ដូចជាបានបំពេញបន្ថែមនូវខ្លឹមសារ នៃទំនាក់ទំនងរវាងចិន និងប្រេស៊ីលក្នុងយុគសម័យថ្មី។

ការអភិវឌ្ឍជាកូនសោមេសម្រាប់ដោះស្រាយបញ្ហាទាំងអស់ ហើយក៏ជាបំណងរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដែរ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ពីការបំភ្លឺគ្រួសារនីមួយៗរបស់ប្រេស៊ីល ដោយកម្លាំងអគ្គិសនី ដល់ការផ្តល់ជំនួយដល់ កសិកម្មប្រេស៊ីលតាមរយៈគំនិតថ្មី និងបច្ចេកវិទ្យាថ្មី រហូតដល់ការធ្វើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យងើបឡើងថ្មី ចិននិងប្រេស៊ីលបន្តជំរុញ ការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ដែលនាំមកនូវប្រសិទ្ធភាពខ្ពស់ខាងសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាឱកាសវិនិយោគដល់តំបន់នេះ។

ក្នុងនាមជាអ្នកឈានមុខក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ទំនាក់ទំនងរវាងចិននិងប្រេស៊ីលបានលើសពីក្របខ័ណ្ឌទ្វេភាគីរួចទៅហើយ ដែលបានដើរតួនាទីជំរុញយ៉ាងសកម្ម ក្នុងការកែលម្អប្រព័ន្ធអភិបាលកិច្ចសកល។ ពីការរួមគ្នាចេញផ្សាយ “គំនិតឯកភាពរួម ៦ចំណុច”សម្រាប់ជំរុញការដោះស្រាយវិបត្តិអ៊ុយក្រែនដោយវិធីនយោបាយ ដល់ការរួមគ្នាអំពាវនាវឱ្យប៉ាឡេស្ទីននិងអ៊ីស្រាអែល ឈប់បាញ់គ្នាក្នុងពេលឆាប់ៗនិងអនុវត្តជាក់ស្តែង “ដំណោះស្រាយរដ្ឋពីរ” ចិននិងប្រេស៊ីលសុទ្ធតែបានអនុវត្តពហុភាគីនិយម ដ៏ពិតប្រាកដលើឆាកអន្តរជាតិ ពោលគឺប្រកាន់ខ្ជាប់ថ្លែងមតិដោយយុត្តិធម៌ និងធ្វើការងារដោយសមភាព ។ ភាគីចិនក៏បានគូសបញ្ជាក់ថា គាំទ្រប្រេស៊ីលដើរតួនាទីកាន់តែធំលើឆាកអន្តរជាតិ គាំទ្រប្រេស៊ីលទទួលរ៉ាប់រងការងារ ជាប្រធាននៃប្រទេស BRICS នៅឆ្នាំក្រោយ និងគាំទ្រប្រេស៊ីលរៀបចំឱ្យបានល្អនូវមហាសន្និបាតភាគី ហត្ថលេខីនៃ «អនុសញ្ញា ស្តីពីក្របខណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ» លើកទី៣០។

ឆ្លងកាត់រយៈពេល៥០ឆ្នាំ ទំនាក់ទំនងរវាងចិននិងប្រេស៊ីល កំពុងស្ថិតនៅដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។ ឈរលើទីចាប់ផ្តើមថ្មី “ដៃគូមាស” ដែលស្ថិតនៅពាក់កណ្តាលផែនដីខាងកើត និងខាងលិចនឹងរួមវាសនា ជំរុញការអភិវឌ្ឍគ្នាទៅវិញទៅមក ដើម្បីពួតដៃកសាងពិភពលោក ដែលមានភាពកាន់តែល្អបវរ៕

វិទ្យុមិត្តភាពកម្ពុជាចិន