(បេរូត)៖​ កងកម្លាំងការពារជនស៉ីវិល​លីបង់​ បាននិយាយថា ការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាមួយ​ បានសម្លាប់មនុស្ស ១១នាក់នៅកណ្តាលទីក្រុងបេរូត នាថ្ងៃសៅរ៍ ទី២៣​ វិច្ឆិកា​នេះ​ ខណៈអ៉ីស្រាអែល​បង្កេីនការវាយលុករបស់ខ្លួនប្រឆាំងក្រុមហេសបូឡា​។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ទីភ្នាក់ងារព័ត៌មានជាតិរបស់លីបង់​ រាយការណ៍ថា ការវាយប្រហារបានបំផ្លាញអគារកម្ពស់​ ៨ជាន់ និងបណ្តាលឱ្យមានអ្នកស្លាប់ របួសជាច្រើន។ ទីភ្នាក់ងារនេះ​ បានឱ្យដឹងទៀតថា អ៉ីស្រាអែល​ប្រើប្រាស់គ្រាប់បែកកំណត់គោលដៅ​បំផ្ទុះអង្រួនរដ្ឋធានីបេរូត​ នៅប្រហែលម៉ោង ៤ទៀបភ្លឺថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់)។ យ៉ាងហោចណាស់គ្រាប់បែកចំនួន​ ៤គ្រាប់ត្រូវបានទម្លាក់នៅក្នុងការវាយប្រហារនេះ។

វាជាការវាយប្រហារតាមអាកាសលើក​ ៤របស់អ៉ីស្រាអែលក្នុងសប្តាហ៍នេះ ដោយសំដៅលើតំបន់កណ្តាលទីក្រុងបេរូត​ ផ្ទុយពីការវាយប្រហារមុនៗដែលភាគច្រេីន​ ទៅលើតំបន់ជាយក្រុងភាគខាងត្បូង​ គ្រប់គ្រងដោយក្រុមហេសបូឡា។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន​ ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល​ បានសម្លាប់មន្ត្រីប្រព័ន្ធផ្សព្វផ្សាយរបស់ហេសបូឡាម្នាក់​ នៅក្នុងសង្កាត់ Ras al-Nabaa កណ្តាលទីក្រុងបេរូត។

ក្រសួង​សុខាភិបាល​លីបង់​ បានឱ្យដឹងថា​ ​អ្នក​ស្លាប់​ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល​ ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ ២០២៣ មក​ដល់មានចំនួនសរុប​ ៣,៦៤៥នាក់ និង​របួស ១៥,៣៥៥នាក់​។ តួលេខ​មិន​បែងចែក​រវាង​យុទ្ធជន និង​ជន​ស៉ីវិល​ទេ៕