(កៀវ)៖​ យោធាជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន​ បាននិយាយថា អ៊ុយក្រែនបាត់បង់ការគ្រប់គ្រងជាង​ ៤០ភាគរយនៃទឹកដីដែលខ្លួនកាន់កាប់​ នៅតំបន់ Kursk របស់រុស្ស៉ី​ ខណៈដែលកងកម្លាំងទីក្រុងមូស្គូ​បង្កើនការវាយបក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី២៣​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤។

ប្រភពដែលជាអគ្គសេនាធិការអ៊ុយក្រែន​ បានឱ្យដឹងថា​ រុស្ស៉ីបានដាក់ពង្រាយទាហានប្រហែល ៥៩,០០០នាក់ទៅកាន់តំបន់ Kursk ចាប់តាំងពីកងកម្លាំងទីក្រុងកៀវ​ បេីកការវាយលុក ហេីយមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រភពដដែលបញ្ជាក់ថា​ «​យើងគ្រប់គ្រងបានប្រហែល​ ១,៣៧៦គីឡូម៉ែត្រក្រឡា​។ តែឥឡូវនៅសល់ប្រហែល ៨០០គីឡូម៉ែត្រប៉ុណ្ណោះ​ ដោយសត្រូវកំពុងបង្កើនការវាយបករបស់ខ្លួន។ យើង​នឹង​កាន់កាប់​ទឹកដី​នេះ​ឱ្យ​បាន​ដរាបណា​សម្ភារយោធា​នៅតែមាន»។

ក្រសួងការពារជាតិរុស្ស៉ី​ មិនទាន់ឆ្លើយតបទេចំពោះសំណើរបស់ Reuters សម្រាប់ការវាយតម្លៃថ្មីចុងក្រោយរបស់ទីក្រុងកៀ អំពីសមរភូមិតំបន់ Kursk។ ដូច្នេះ​ Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវតួលេខ ឬការពិពណ៌នាដែលបានផ្តល់ឱ្យនេះ​ទេ។

គួរបញ្ជាក់ថា​ អ៊ុយក្រែន​ បានបេីកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អេីលចូលតំបន់ Kursk កាលពីខែសីហា​ ដែលជាការវាយប្រហារលេីកដំបូងដោយបរទេស​ មកលេីរុស្ស៉ីគិតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។​ ជាមួយនិងការវាយរុលចូលទៅក្នុងទីក្រុង Kursk អ៊ុយក្រែន​ ក៏កំពុងទប់ស្កាត់ការវាយប្រហាររបស់រុស្ស៉ី​ នៅឯភាគខាងកើត និងភាគឦសាននៃប្រទេស។ ប៉ុន្តែ​កម្លាំង​រុស្ស៉ី​ នៅ​តែ​ឈាន​ទៅមុខ​ជា​លំដាប់​ក្នុង​តំបន់ Donetsk ភាគ​ខាងកើត​អ៊ុយក្រែន៕