(មូស្គូ)៖ យោធារុស្ស៉ីបានឱ្យដឹងថា នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសរុស្ស៉ី លោក Andrei Belousov បានទៅដល់​ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញទស្សនកិច្ច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

អំឡុងទស្សនកិច្ចផ្លូវការនៅទីក្រុងព្យុងយ៉ាង លោក Belousov នឹងបើកកិច្ចពិភាក្សាជាមួយក្រុមមន្រ្តីកូរ៉េខាងជើង។ ប្រទេសទាំងពីរ បានពង្រឹងទំនាក់ទំនងយោធាកាន់តែរឹងមាំជាងមុន តាំងពីសង្រ្គាមអ៊ុយក្រែនបានផ្ទុះឡើង។ រុស្ស៉ីនិងកូរ៉េខាងជើង បានចុះសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កាលពីខែមិថុនា ឆ្នាំនេះ ដែលកំណត់ឱ្យមានកាតព្វកិច្ច ត្រូវផ្តល់ជំនួយយោធាដល់គ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារលើភាគីណាមួយ ហើយសហការគ្នាប្រឆាំងទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច។

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏បានចោទប្រកាន់ថា កូរ៉េខាងជើង បានបញ្ជូនកងទ័ពជាង ១០ ០០០នាក់ ទៅជួយ​រុស្ស៉ីប្រយុទ្ធ ក្នុងសង្រ្គាមអ៊ុយក្រែនផងដែរ ខណៈក្រុមអ្នកជំនាញអះអាងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចង់ទទួលបាន​បច្ចេកវិទ្យាទំនើបៗពីរុស្ស៉ី ព្រមទាំងបទពិសោធប្រយុទ្ធក្នុងសមរភូមិជាក់ស្តែង សម្រាប់យោធារបស់លោក។

គួរបញ្ជាក់ថា កូរ៉េខាងជើងនិងរុស្ស៉ី សុទ្ធតែស្ថិតក្រោមការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ (UN) ដូចគ្នា ដោយទីក្រុងព្យុងយ៉ាង ជាប់ទណ្ឌកម្មដោយសារកម្មវិធីអាវុធនុយក្លេអ៊ែរ រីឯរុស្ស៉ីរងទណ្ឌកម្មដោយសារតែ សង្រ្គាមអ៊ុយក្រែន៕