(វីយែន)៖ ទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រនេះ បានអះអាងក្នុងរបាយការណ៍មួយរបស់ខ្លួនថា ប្រទេសអ៉ីរ៉ង់គ្រោងនឹងដំឡើងម៉ាស៉ីន centrifuge ថ្មីៗរហូតដល់ខ្ទង់ ៦០០០គ្រឿង ដើម្បីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលជា​សារធាតុចម្បង ប្រើប្រាស់សម្រាប់ជាឥន្ធនៈក្នុងស្ថានីយថាមពលនុយក្លេអ៊ែរ ឬមួយក៏សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ IAEA របស់ UN បាននិយាយថា អ៉ីរ៉ង់បានជូនដំណឹងមកកាន់ទីភ្នាក់ងារ អំពីបំណងដំឡើងម៉ាស៉ីន centrifuge ថ្មីៗចំនួនប្រហែល៦០០០គ្រឿង នៅទីតាំងនុយក្លេអ៊ែរ Fordo និង Natanz ដើម្បី​ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ឱ្យដល់៥ភាគរយ ពោលគឺខ្ពស់ជាងកម្រិតកំណត់ត្រឹម ៣.៦៧ភាគរយ ដែលទីក្រុងតេហេរ៉ង់ ធ្លាប់បាន​ព្រមព្រៀង កាលពីឆ្នាំ២០១៥។

គួរបញ្ជាក់ថា តាំងពីឆ្នាំ២០១៨ ជាពេលដែលលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ហើយដាក់ទណ្ឌកម្មសាជាថ្មីលើអ៉ីរ៉ង់ ទីក្រុងតេហេរ៉ង់ ក៏បានចាប់ផ្តើមពន្លឿនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ហើយថែមទាំងបានរឹតត្បិតសមត្ថភាពរបស់ទីភ្នាក់ងារ IAEA ក្នុងការឃ្លាំមើលសកម្មភាពរបស់ខ្លួន។ ទោះបីជាបែបនេះក៏ដោយ អ៉ីរ៉ង់ធ្លាប់បានអះអាងថា ខ្លួនមិនទាន់សម្រេចចិត្តផលិតអាវុធនុយក្លេអ៊ែរ នៅឡើយទេ។ នាថ្ងៃសុក្រនេះ អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ និងជាអ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់ លោក Majid Takht-Ravanchi ក៏ត្រូវជួបពិភាក្សាបញ្ហានុយក្លេអ៊ែរ ជាមួយមន្រ្តីការទូតមកពីអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅប្រទេសស្វីសផងដែរ៕